អាជ្ញាធរវៀតណាម រំលាយផ្ទះវីឡាជាង១០ខ្នង ដែលសាងសង់ដោយខុសច្បាប់លើដីសាធារណៈនៅកោះហ្វូក្វូក

ហាណូយ៖ អាជ្ញាធរវៀតណាមកាលពីថ្ងៃចន្ទថ្ងៃទី ១៨ ខែកញ្ញា បានចុះរំលាយផ្ទះវីឡាចំនួន ១៤ ខ្នង ដែលសាងសង់ដោយខុសច្បាប់លើដីសាធារណៈក្នុងកោះហ្វូក្វូក (កោះត្រល់) ដែលស្ថិតនៅក្នុងខេត្ត គៀនយ៉ាង(Kiên Giang )ភាគខាងត្បូងនៃប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ផ្ទះវីឡាទាំងនោះ ស្ថិតនៅក្នុងចំណោមវីឡាចំនួន ៧៩ ខ្នង ដែលក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យសាងសង់ឡើងដោយរំលោភលើដីសាធារណៈ និងសាងសង់ដោយមិនមានច្បាប់អនុញ្ញាត។ បើតាម VnExpress វីឡាទាំងនេះ ចាប់ផ្ដើមសាងសង់តាំងពីប្រាំឆ្នាំមុនមកម្ល៉េះ ពោលគឺនៅពេលដែលតម្លៃអចលនទ្រព្យនៅលើកោះ ឡើងថ្ងៃកប់ពពក។

អ្នកអភិវឌ្ឍន៍អចនលទ្រព្យទាំងនោះ ត្រូវបានគេរាយការណ៍ថាបានទាញយកអត្ថប្រយោជន៍ពីការរឹតបន្តឹងបិទខ្ទប់ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩នៅឆ្នាំ ២០២០ និង២០២១ ដើម្បីបញ្ចប់ការសាងសង់របស់ខ្លួន។

វីឡាទាំងអស់សាងសង់ឡើងក្នុងសង្កាត់ Duong To ដោយវីឡានីមួយៗ មានផ្ទៃក្រឡាពី ២០០-៣០០ ម៉ែត្រការ៉េ ហើយបំពាក់ដោយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ត្រឹមត្រូវ ហើយភ្ជាប់ដោយផ្លូវប៊ូតុង។

អាជ្ញាធរកោះហ្វូក្វូក បានអះអាងថា ខ្លួនបានកោះហៅពួកអចនលទ្រព្យជាច្រើនដង ដើម្បីធ្វើការព្រមាន ប៉ុន្តែពួកគេមិនបានអើពើឡើយ។

កាលពីខែវិច្ឆិកាឆ្នាំមុន វីឡា២ត្រូវបានវាយកម្ទេចចោល ហើយមកទល់ពេលនេះ វាជិតមួយឆ្នាំទៅហើយ ទម្រាំវីឡាចំនួន១៤ចុងក្រោយ ត្រូវបានរំលាយចេញ។ ហើយគេមិនទាន់ដឹងនៅឡើយទេថា វីឡាខុសច្បាប់ដែលនៅសេសសល់ទាំងអស់ នឹងត្រូវកម្ទេចចោលឬយ៉ាងណា។

គួរបញ្ជាក់ថា សំណង់វីឡាខុសច្បាប់ទាំង ៧៩ ត្រូវបានគេរកឃើញថាខុសច្បាប់ បន្ទាប់ពីអាជ្ញាធរខេត្ត Kien Giang បានដាក់ពង្រាយក្រុមដើម្បីត្រួតពិនិត្យការទន្ទ្រានយកដីសាធារណៈ និងព្រៃឈើនៅលើកោះហ្វូក្វូក កាលពីដើមឆ្នាំ ២០២២។

ក្រុមអាជ្ញាធរខេត្តក្រោយមកបានរកឃើញការរំលោភបំពានចំនួន ២ ៣០០ ករណី ដែលរួមមានការកាន់កាប់ដីរដ្ឋ និងព្រៃឈើដោយខុសច្បាប់។ បើតាម VnExpress ជិតមួយឆ្នាំនៃការត្រួតពិនិត្យ អាជ្ញាធរបានរកឃើញការរំលោភបំពានចំនួន ៧៤៤ ករណី ទាក់ទងនឹងការប្រើប្រាស់ដីសាធារណៈនៅកោះហ្វូក្វូក ដែលក្នុងនោះការសាងសង់ផ្ទះខុសច្បាប់ បានគ្របដណ្ដប់លើផ្ទៃដីជាង ២០០ ហិកតា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner