ម្ចាស់សហគ្រាស៖ ការទទួលបានវិញ្ញាបនបត្រ CQS កំពុងបានជួយពង្រីកទីផ្សារកាន់តែធំទាំងក្នុងស្រុក និងក្រៅប្រទេស
(ខេត្តសៀមរាប)៖ ក្រោយពីពេលដែលទទួលបាន វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)រយៈពេលមួយឆ្នាំមកនេះម្ចាស់អាជីវកម្ម ត្រីងៀតមួយមានឈ្មោះ ហូមថេសហ្វូតបានលើកឡើងពីការតស៊ូស្វិតស្វាញ និង គុណតម្លៃពីវិញ្ញាបនបត្រមួយនេះថាពិតជាមានតម្លៃ ហើយវាបានជួយរុញច្រានអាជីវកម្មរបស់ខ្លួនកាន់តែរឹងមាំទាំងក្នុងស្រុក និង ការនាំចេញទៅបរទេស ។
បញ្ចេញប្រាប់អ្នកសារព័ត៌មាននាឱកាសទស្សនៈកិច្ចសិក្សានៅសហគ្រាសនាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ស៊ឹម សេរីរត្ន័ម្ចាស់សហគ្រាសកែច្នៃ ត្រី ងៀត ហូមថេសហ្វូត ដែលស្ថិតនៅភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាមបានឱ្យដឹងថា៖ការស្នើសុំCQS វាតឹងតែងខ្លាំងតែបើកាលណាយើងទទួលបានជោគជ័យ ហើយវាបានជួយឱ្យយើងមិនជួបការលំបាកនាំផលិតផលទៅកាន់ទីផ្សារទេ ពោលគឺទាំងតាមបណ្តាខេត្ត ផ្សារទំនើប និងក្នុងនេះរួមទាំងការនាំចេញទៅបរទេសមួយចំនួនផង ដូចជាអាមេរិក បារាំង កាណាដា និងអូស្រ្តាលី។
ប្រាប់ពីមុខរបរចាប់ផ្តើមពីតូចតាចរហូតពង្រីកខ្លួនកាន់តែធំគឺអ្នកស្រីចាប់ផ្តើម២០១៨ជាមួយអាជីវកម្មទ្រទ្រង់តូចតាចរហូតពង្រីកខ្លួនធំដូចសព្វថ្ងៃ។
លោកស្រីថា៖តាមរយៈការបានទទួលវិញ្ញាបនបត្រ CQSមកការលក់ចេញបានកើនឡើង២០ទៅ៣០ភាគរយ ។ បច្ចុប្បន្នផលិតផលសំខាន់ៗចំនួន៣ រួមមានងៀតត្រីឌៀប ត្រីប្រាហើម និងងៀតត្រីរ៉ស់។ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារចាស់និងថ្មី សហគ្រាសប្តេជ្ញា បង្កើនផលិតកម្មរបស់ខ្លួនពី ៣២៣២គីឡូក្រាមក្នុងមួយខែ ដល់ ៩០០០គីឡូក្រាមក្នុងមួយខែ។ ផលិតផលមានតម្លៃជាមធ្យមពី ៩-១៣,៧៥ដុល្លារក្នុងមួយគីឡូក្រាម។ ក្រោយទទួលបានវិញ្ញាបនប័ត្រ COS សហគ្រាសរំពឹងថាផលិតផលរបស់ខ្លួននឹងទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុន ២០ភាគរយ ។
លោក ថោង រ៉ា អ្នកជំនាញផ្នែកម្ហូបអាហារថ្នាក់ជាតិនៃគម្រោងCAPFISH-Capture របស់អង្គការយូនីដូ បានឱ្យដឹងថា៖បច្ចុប្បន្នសហគ្រាសដែលទទួលបានវិញ្ញាបនបត្រ CQSនៅកម្ពុជានេះមានចំនួន៨ក្រុមហ៊ុន ក្នុងនេះមាន៤បានពេញលេញ និង៤ទៀតមូលដ្ឋាន។សម្រាប់៤ដែលទទួលបានវិញ្ញាបនបត្រ CQSពេញលេញមានសហគ្រាសផលិតទឹកត្រី២ នៅភ្នំពេញ១កន្លែងនិងអរិយក្សត្រ ១កន្លែងនិងសិប្បកម្មផលិតត្រីងៀតនៅសៀមរាបចំនួន២កន្លែង។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានគូសបញ្ជាក់ថា ភាពជោគជ័យក្នុងការអនុវត្តប្រព័ន្ធវិញ្ញាបនបត្រ CQS នឹងជួយលើកតម្កើងស្លាកយីហោជាតិកម្ពុជា តាមរយៈការទទួលស្គាល់ គុណភាព និងសុវត្ថិភាពផលិតផលដែលមានប្រើនិមិត្តសញ្ញា CQS ដែលនឹងជំរុញភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា៖ការទទួលបាននូវប្រព័ន្ធផ្សេងៗដូចជានិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជាជាដើម យើងចាំបាច់ត្រូវការជំរុញបន្ថែមទៀត ដោយសារបច្ចុប្បន្នពលរដ្ឋកម្ពុជានៅតែមានគំនិតអនុវត្តការធ្វើអាជីវិកម្មបែបប្រពៃណី ហើយទម្រាំប្រែក្លាយពីសិប្បកម្មបែបប្រពៃណីមកជាសហគ្រាសស្តង់ដាបែបនេះចាំបាច់ណាស់ សហគ្រាសទាំងនោះត្រូវចំណាយទុន ហេតុនេះសហគ្រាសដែលគ្មានទុនទោះបីមានជំនួយឧបត្ថម្ភពីដៃគូនិងក្រសួងកសិកម្មក៏ដោយក៏មានបញ្ហាប្រឈមផងដែរ។
គួរបញ្ជាក់ថាវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) នេះត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ ដើម្បីបញ្ជាក់លើគុណភាព សុវត្ថិភាពផល ផលិតផលជលផលកម្ពុជា អនុលោមតាម តម្រូវការស្តីពីសុវត្ថិភាពម្ហូបអាហារ។ ការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា CQS ក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកផ្សារកាន់តែប្រសើរសម្រាប់ផលិតផលជលផលរបស់កម្ពុជា៕
អត្ថបទៈលោក ជិនម៉ាដេប៉ូ
រូបភាពៈលោក ងីម ឆៃហួត