ម៉ិកស៊ិកធ្វើសមយុទ្ធសង្គ្រោះបន្ទាន់ ក្នុងថ្ងៃគម្រប់ខួបនៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា
ម៉ិកស៊ីកូ៖ សមយុទ្ធសង្គ្រោះបន្ទាន់មួយត្រូវបានធ្វើឡើងនៅទូទាំងទីក្រុងម៉ិកស៊ិក ក្នុងថ្ងៃគម្រប់ខួបនៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើក គឺនៅក្នុងឆ្នាំ ១៩៨៥ និងឆ្នាំ ២០១៧។
ប្រធានក្រុមសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៃទីក្រុងម៉ិកស៊ិក លោក Jesus Marquez បានគូសបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ពួកយើង វាជាការចងចាំនូវព្រឹត្តិការណ៍គ្រោះរញ្ជួយដីថ្ងៃទី១៩ ខែកញ្ញា ដែលបានវាយប្រហារមកលើពួកយើងយ៉ាងខ្លាំង… វាគឺជាអ្វីដែលនាំមកយើងជួបបញ្ហាជាច្រើន និងនាំឱ្យពួកយើងពង្រឹងវិធានការការពារខ្លួន ដែលនេះជាអ្វីដែលរដ្ឋាភិបាលបច្ចុប្បន្នកំពុងពង្រឹង។
នៅក្នុងឆ្នាំ ២០២២ មិនយូរប៉ុន្មានបន្ទាប់ពីសមយុទ្ធសង្គ្រោះបន្ទាន់ប្រចាំឆ្នាំ គ្រោះរញ្ជួយដីមួយទៀតបានវាយប្រហារប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងអគាររាប់សិបខ្នងរងការខូចខាត។
រដ្ឋធានីម៉ិកស៊ិក រួមជាមួយនឹងតំបន់ជុំវិញទីក្រុង គឺជាផ្ទះរបស់ប្រជាជនជាង ២០លាននាក់ ដែលត្រូវបានសាងសង់ឡើងនៅក្នុងអាងធម្មជាតិមួយ ដែលពោរពេញទៅដោយដីល្បាប់នៃអតីតបឹង ទើបធ្វើឱ្យវាងាយរងគ្រោះដោយសារការរញ្ជួយដី។
រដ្ឋធានីម៉ិកស៊ិកមានប្រព័ន្ធប្រកាសអាសន្នជាមុន ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យគ្រោះរញ្ជួយដី ដើម្បីផ្តល់ឱ្យអ្នកស្រុកនូវពេលវេលាគ្រប់គ្រាន់ ដើម្បីភៀសខ្លួនចេញពីអគារ នៅពេលដែលគ្រោះរញ្ជួយដីវាយប្រហារតំបន់នៅជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា