ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីអបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងព័ត៌មានចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានបានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវគណៈកម្មាធិការបេតិកភណ្ឌពិភពបានសម្រេចជាឯកច្ឆ័ន្ទចុះបញ្ជីបេកតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងគូសបញ្ជាក់ថានេះគឺជាមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧ ៕
ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា