ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរសាទរបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមអបអរសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ៤:២៨នាទីរសៀល នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ នៅល្ងាចថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានការរៀបចំពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner