ក្រសួងសុខាភិបាល និងក្រុមហ៊ុនវេជ្ជសាស្រ្តសិង្ហបុរី គ្រោងធ្វើកិច្ចសហការរួមគ្នាដើម្បីគាំទ្រវិស័យសុខុមាលភាពនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ និងក្រុមហ៊ុនវេជ្ជសាស្ត្រសិង្ហបុរី ដែលមានបទពិសោធន៍នៅក្នុងវិស័យនេះជិត៤០ ឆ្នាំ កំពុងពិភាក្សាស្វែងរកឱកាសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ដើមី្បលើកកម្ពស់ និងជួយគាំទ្រការអ​ភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសផ្តោតលើការផ្តល់សេវាសង្គ្រោះបន្ទាន់ ​និងគ្រោះអាសន្នធម្មជាតិ។

គម្រោងកិច្ចសហការនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា និងលោក Sune Svenningsen ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន International SOS ប្រចាំប្រទេសសិង្ហបុរី និងសហការី កាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

យោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅលើបណ្តាញសង្គមតេឡេក្រាមបានឱ្យដឹងថា កិច្ចពិភាក្សា​ ដើមី្បពិនិត្យលទ្ធភាពក្នុងការស្នើសុំកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍សេវាថែទាំសុខភាពនៅក​ម្ពុជា ពីភាគីសិង្ហបុរី តាមរយៈគម្រោង និងបេសកកម្មទាំងឡាយរបស់ក្រុមហ៊ុន International SOS។

លោក Sune Svenningsen បានលើកឡើង​​ថា International SOS គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទ​ពិសោធន៍ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្រ្ដ ការជម្លៀសក្នុ​ងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខា​រវេជ្ជសាស្រ្តផ្សេងៗ។

តាមរយៈកិច្ចពិភាក្សានោះឯកឧត្តម ឈាង រ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន International SOS បន្តពិភាក្សាលម្អិតជាមួយនឹងមន្ត្រីបច្ចេកទេស នៃក្រសួងសុខាភិបាល ដើមី្បជួយគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។

លោកមានប្រសាសន៍​ថា ៖‍ «​សូមសិក្សាលើលទ្ធភាពក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ ព្រមទាំងពិចារណាលើ​កិច្ចសហប្រតិបត្តិការដើមី្បឆ្លើយតបពេលមានគ្រោះអាសន្នធម្មជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខុមានលភា​ពរបស់ប្រជាជនកម្ពុជា»។

បន្ថែមពីនេះភាគីកម្ពុជា ក៏បាន​ស្នើឱ្យក្រុមហ៊ុន International SOS មានការសហការជិតស្និទ្ធជាមួយនឹង​បុគ្គលិកជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលសំដៅលើកកម្ពស់គុណភាពសេវាសុខា​ភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកក​ម្ពស់សុខុមាលភាពរបស់ប្រជាជន សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

សេចក្តីជូនដំណឹង​បរស់​​ក្រសួង​សុខាភិបាលក៏​បញ្ជាក់ដែរថា ​លោក Sune Svenningsen បានសន្យានឹងពង្រី​កកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងជួយពង្រីកវិសាលភា​ពនៃកិច្ចសហប្រតិបត្តិការ​​លើវិស័យសុខាភិបាល ដោយខិតខំបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចសិង្ហបុរីសហការ និងបង្កើនទំនាក់ទំនងការងារជាមួយ​កម្ពុជា។

ជុំវិញសុខុមាលភាពសាធារណៈនេះ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានប្រាប់​ថា រាល់កិច្ចសហប្រតិបត្តិការគឺជាផ្នែកមួយដ៏ល្អ ដែលនឹងជួយដល់វិស័យសុខាភិបាលកម្ពុជា និងការថែទាំងសុខភាព។

បន្ថែមពីនេះលោកជំរុញឱ្យភាគីទាំងពីរពន្លឿននៃកិច្ចពិភាក្សាបច្ចេកទេស ដើម្បីឈានទៅរកកិច្ចសហការរួ​មគ្នាឱ្យបានឆាប់ផងដែរ​។

លោក ឡី សុភាព បានថ្លែងថា ៖ «កាលណាក្រុមហ៊ុនគេមានបទពិសោធន៍ច្រើនឆ្នាំ ហើយមកសហការជាមួយយើង គឺនឹងជួយលើកកម្ពស់ស្តង់ដារសុខាភិបាលនៅកម្ពុជាបន្ថែម ក្រៅពីនេះក៏ជាការចងមិត្តភាព និងបង្កើនទំនាក់ទំនងក្នុងវិស័យនេះផងដែរ»៕

ដោយ៖សុខ រក្សា

ads banner