គម្រោងហាវែស III ប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់២៥ម៉ឺនដុល្លារ ដល់វិនិយោគិន និងអ្នកចែកចាយ ក្នុងវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ គម្រោងហាវែស III ជាគម្រោងដែលមានរយៈពេលប្រាំឆ្នាំ ដោយទទួលបានថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិឬយូសេដ(USAID) បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់២៥ម៉ឺនដុល្លារ សម្រាប់វិនិយោគិន និងអ្នកចែកចាយ និងរហូតដល់ ១៥ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថាប័នផ្សេងទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលកសិកម្ម និងការធ្វើពិពិធ កម្មទៅកាន់ទីផ្សារបែបទំនើប។
កម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល និងការធ្វើពិពិធកម្មទៅកាន់ទីផ្សារបែបទំនើប ដូចជា ផ្សារទំនើប ផ្សារកសិផល សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្តល់សេវា អាហារនិងភេសជ្ជៈ និងហាងទំនិញកសិកម្មតាមប្រព័ន្ធអនឡាញ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងបង្កើនភាពប្រកួត ប្រជែង ភាពធន់ ដែលនឹងរួមបញ្ចូលស្តី យុវជននិងប្រជាជនដែលងាយរងគ្រោះ (ជនជាតិភាគតិច ឬជនជាតិដើម)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងហាវែស III របស់ USAID។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា វិស័យឯកជន ដែលមានសិទ្ធិដាក់ពាក្យស្នើសុំហិរញ្ញប្បទាននេះ មានដូចជា សហព័ន្ធកសិកម្ម សហជីពកសិកម្ម សហគមន៍កសិកម្ម តួអង្គទី ផ្សារបែបទំនើប អ្នកផ្តល់សេវា អ្នកវិនិយោគ ឬអង្គការមិនរកប្រាក់ចំណេញដែលមានបំណងសហការវិនិយោគលើស្តង់ដារសុវត្ថិភាពម្ហូបអាហារសម្រាប់សមាជិកសហគមន៍ ដែលជាស្ត្រី យុវជន និង ប្រជាជនដែលងាយរងគ្រោះ (ជនជាតិភាគតិច ជនជាតិដើម)។ គម្រោងចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០៣។
បើតាមការចេញផ្សាយរបស់គម្រោងហាវែស III ដដែលនេះ ការផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីបង្កើនការវិនិយោគដែលនឹងបង្កើនវិញ្ញាបនបត្រកសិកម្មប្រកបដោយចីរភាព ដូចជា ការអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP) ប្រព័ន្ធធានា គុណភាពសម្រាប់កសិកម្មសរីរាង្គ (PGS) អាហារសរីរាង្គ និរន្តភាពផលិតកម្មដំណាំស្រូវ (SRP) ជាដើម។
លោក លាង ឡេង ម្ចាស់សហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និងទឹកប្រេងខ្យង បានប្រាប់ឱ្យដឹងថា សហគ្រាសរបស់លោក មានបំណងនឹងដាក់ពាក្យស្នើសុំហិរញ្ញប្បទានឥតសំណង របស់គម្រោងហាវែសIIIនេះបន្តទៀត ក្រោយពីសហគ្រាសលោកធ្លាប់ទទួលបានម្តងរួចមកហើយកាលពីគម្រោងហាវែសII ដោយទទួលបានទឹកប្រាក់ប្រហែលប្រាំបួនម៉ឺនដុល្លារ ដើម្បីកែលម្អខ្សែច្រវាក់ផលិតកម្មរបស់សគ្រាស។
លោកបានឱ្យដឹងថា កាលពីគម្រោងហាវែស II លោកបានយកថវិកាដែលបានពីគម្រោងនេះ ទៅប្រើប្រាស់ដើម្បីទិញគ្រឿងបរិក្ខា និងឧបករណ៍ទំនើបបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងរោងចក្រ ខណៈដែលការស្នើសុំហិរញ្ញប្បទាននៅគម្រោងហាវែសIIIនេះ លោកនឹងយកថវិកាទៅទិញម៉ាស៊ីនច្រកទឹកម្ទេសទំនើប ដែលពន្លឿនដល់វេចខ្ចប់ទឹកម្ទេសបានលឿនជាងមុន។
ចំណែក ម្ចាស់ភូមិកសិកម្មធម្មជាតិ កញ្ញា ប៊ុន សៀង ដែលធ្លាប់ទទួលបានហិរញ្ញប្បទានពីគម្រោងហាវែសនេះដែរ បានប្រាប់ថា ភូមិកសិកម្មធម្មជាតិ នឹងដាក់ពាក្យស្នើសុំគម្រោងហាវែសIII នេះ ដើម្បីពង្រីការដាំដុះបន្លែផ្លែឈើធម្មជាតិ ដើម្បីបំពេញតម្រូវការទីផ្សារ។
កញ្ញាបានបញ្ជាក់ថា ៖ «គម្រោងហាវែសទាំងបី បានជួយច្រើនណាស់ដល់វិស័យកសិកម្មកម្ពុជា ជាពិសេសអនុវិស័យដំណាំបន្លែ ដែលបានកែប្រែមុខមាត់ថ្មី នៃការធ្វើកសិកម្មរបសយើង។ គម្រោងហាវែស វគ្គមុន ខ្ញុំមិនបានដាក់ដោយសារតែមមាញឹកនឹងការរៀបចំភូមិកសិកម្ម តែលើកនេះ ខ្ញុំនឹងដាក់ពាក្យស្នើដើម្បីបានហិរញ្ញប្បទាននេះមកពង្រីកអាជីវកម្មខ្ញុំបន្ថែមទៀត»។
សូមជម្រាបថា គម្រោងហាវែស III ជាគម្រោងដែលមានរយៈពេលប្រាំឆ្នាំ ដែលទទួលបានថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានគោលដៅជំរុញឲ្យមានកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយនិង ប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម បរិយាបន្ន ភាពធន់ និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មនៅ កម្ពុជា។
តាមរយៈការចូលរួមរបស់វិស័យឯកជននៅក្នុងប្រព័ន្ធទីផ្សារកសិកម្មសំខាន់ៗ គម្រោងនឹងបង្កើតការងារ និងធ្វើ ឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របបអាហារ និងសុខុមាលភាពទូទៅសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់ស្ត្រី យុវជន និងប្រជាជនដែលងាយរងគ្រោះ៕
ដោយ៖វណ្ណ សុជាតា