ជម្លោះចោទប្រកាន់៖ឥណ្ឌា​​បណ្ដេញ​​អ្នក​ការ​ទូត​​កាណាដា

ញូវដេលី៖ ប្រទេស​ឥណ្ឌា​បា​​​ន​បណ្តេញ​អ្នក​ការ​ទូត​កំពូល​ម្នាក់​របស់​កាណាដា​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បង្កើន​ភាព​តាន​តឹង​​រវាង​ប្រទេស​ទាំង​​ពីរ​ជុំ​​វិញ​ការ​ចោទ​ប្រកាន់​របស់​កាណាដា​ដែល​ថា​ ឥណ្ឌា​អាច​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​មេដឹកនាំ​អ្នក​កាន់​សាសនាស៊ិក​​(Sikh) នៅ​ជាយ​ក្រុង​វែងឃូវែរ​ កាល​ពី​ខែ​មិថុនា​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ ​

ឥណ្ឌា​ ដែល​ហៅ​ការ​ចោទ​ប្រកាន់​របស់​កាណាដា​​​ថា​ជា​រឿង​​មិន​សម​ហេតុ​ផល​ បាន​និយាយ​ថា​ ការ​បណ្តេញ​ចេញ​​នេះ​បាន​កើត​ឡើង​ចំ​ពេល​មាន​​ការ​​ព្រួយ​​បារ​ម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ចំពោះ​ការ​ជ្រៀត​ជ្រែក​របស់​អ្នក​ការ​ទូត​កាណាដា​លើ​​បញ្ហា​ផ្ទៃ​ក្នុង​របស់​ឥណ្ឌា​ ​និង​ការ​ចូល​រួម​របស់​អ្នក​ការ​ទូតទាំង​នោះ​​ក្នុង​សកម្មភាព​ប្រឆាំង​ឥណ្ឌា​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​កិច្ចការ​បរទេស​​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាយករដ្ឋ​មន្ត្រី​កាណាដា​ លោក ចាស្ទីន​ ទ្រូដូ​ ​​ហាក់​ដូច​ជា​ព្យាយាម​ធ្វើ​ឱ្យ​​ការ​ប៉ះ​ទង្គិច​គ្នា​ការ​ទូត​ចុះ​ត្រជាក់​ ដោយ​លោក​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ការ​សង្ស័យ​លើ​រដ្ឋាភិបាល​ឥណ្ឌា ​មិន​មាន​ជា​ការ​​​សម្លឹង​រក​ការ​​បង្ក​ហេតុ​ ឬដើម្បី​​ធ្វើ​ឱ្យ​​ភាព​តាន​តឹងកើន​ឡើង​​នោះ​ទេ​។

លោក​​ថ្លែង​​ថា ​​៖ «​យើង​​គ្រាន់​​​តែ​​ដាក់​​ចេញ​​នូវ​​ការ​​ពិត​​ដូច​អ្វី​ដែល​យើង​​យល់​​ពី​​រឿង​​ទាំង​​នោះ​ ហើយ​​យើង​​ចង់​​ធ្វើ​​ការ​​ជាមួយ​​រដ្ឋាភិបាល​​ឥណ្ឌា​ ​ដើម្បី​​​​កំណត់​​អ្វី​​គ្រប់​​យ៉ាង​​ឲ្យ​​បាន​​ច្បាស់​​លាស់​ និង​​ធានា​​ថា​ ​មាន​​ដំណើរ​ការ​​ត្រឹម​​ត្រូវ​​។​ ​ឥណ្ឌា និង​រដ្ឋាភិបាល​ឥណ្ឌា ​ចាំ​បាច់​ត្រូវ​​គិត​ពី​បញ្ហា​នេះ​​ឱ្យ​បាន​​ហ្មត់ចត់​បំផុត​»។ ​

​គួរ​រំឭក​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ ទ្រូដូ បាន​និយាយ​ថា​ ឥណ្ឌា​អាច​មាន​​ទំនាក់​ទំនង​ជុំ​វិញ​ឃាត​កម្ម​លើ​លោក​ Hardeep Singh Nijjar ដែល​ជា​មេដឹក​នាំ​ក្រុម​អ្នក​កាន់​សាសនា​ស៊ិខ​ និង​មាន​សញ្ជាតិ​កាណាដា​​ កាល​ពី​ខែ​មិថុនា​។ ​រដ្ឋាភិបាល​ឥណ្ឌា​ចាប់​ទុក​លោក​ Nijjar ថាជា​ភេរវករ​ចំពោះ​ការ​គាំទ្រ​ក្រុម​ផ្ដាច់​ខ្លួន​​របស់​អ្នក​កាន់​សាសនា​ស៊ិខ​ក្នុង​ប្រទេស​ឥណ្ឌា​។

មក​ទល់​​ពេល​នេះ​ កាណាដា ដែល​មាន​ប្រជាជន​អ្នក​កាន់​សាសនា​ស៊ិក​ជាង​ ៧៧០ ០០០ នាក់​ ​មិន​ទាន់​បាន​ផ្តល់​នូវ​ភស្តុតាង​ណា​មួយ​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​របស់រដ្ឋាភិបាល​ឥណ្ឌា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ប្រ​សិ​ន​បើ​ជា​ការ​ពិត​ វា​នឹង​បង្ហាញ​ពី​របត់​​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ឥណ្ឌា​។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ឥណ្ឌា​បាន​ចោទ​ប្រកាន់​កាណាដា​ ថា​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ពួក​បំបែក​ខ្លួន​ស៊ិខ​ រួម​ទាំង​លោក​ ​Nijjar ​ផង​ដែរ​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ India expels Canadian diplomat, escalating tensions after Trudeau accuses India in Sikh’s killing

ads banner