រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយលើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក្នុងនោះ មានអាទិភាព៦យ៉ាង ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសថា នឹងដាក់ឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ២០២៣នេះតទៅ។

អ្នកនាំពាក្យបន្តថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២ នាព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សា និងអនុម័តរបាយការណ៍វឌ្ឍភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពទាំង៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ២០២៣។ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ឆ្នាំ២០២៣-២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២លើកយកមកពិភាក្សានិងអនុម័ត។

ឯកឧត្តមបានបន្តថា សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈដែលជាស្នូលនៃកំណែទម្រង់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏ត្រូវបានពិភាក្សានិងអនុម័តរួចរាល់ដែរ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពឱ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យា ពោលគឺមិនមែននិយាយហើយតែធ្វើមិនបាននោះឡើយ។

សរុបមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលបានផលមុនគេ៕

ដោយ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

ads banner