មន្ទីរសុខាភិបាលតាមបណ្តាខេត្តនានា ចាប់ផ្ដើមយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីវិធីបង្ការជំងឺគ្រុនឈាម
ភ្នំពេញ៖មន្ទីរសុខាភិបាលតាមបណ្តាខេត្តនានា បានចាប់ផ្ដើមយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស និងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ការជម្ងឺគ្រុនឈាមកំពុងតែមានការផ្ទុះឡើងគួរឱ្យព្រួយបារម្ភនារយៈពេលចុងក្រោយនេះ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងថា ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ពួកគាត់នេះ ដើម្បីធានាសុវត្ថិភាពសុខភាពពីការកើតជំងឺគ្រុនឈាម ហើយលោកក៏ជំរុញតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស និងដាក់ថ្នាំអាល់ប៊ែត ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងសហគមន៍ ជាការរួមចំណែក និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមជាប្រចាំផងដែរ។
លោកបាននិយាយថា ៖ «សម្រាប់ករណីគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង គិតត្រឹមសប្តាហ៍ទី៣៧ នៃខែកញ្ញានេះ មានករណីគ្រុនឈាមចំនួន ៤០៥ នាក់ និងមានស្លាប់ចំនួន១នាក់ គឺកើនឡើងជាងឆ្នាំមុន។ ហេតុនេះ ខ្ញុំសូមអំពាវឱ្យប្រជាពលរដ្ឋ ត្រូវកម្ចាត់ទឹកដក់ក្នុងថង់ប្លាស្ទិក ចានស្នោរ សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹក ដែលជាជម្រកមូសខ្លាដ៏ចម្បង»។
ទន្ទឹមគ្នាដែរ លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងដែរថា មន្ទីរសុខាភិបាល បានចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពជំងឺគ្រុនឈាម និងពន្យល់ពីវិធានការបង្ការ និងសហការជាមួយអាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូសដាក់ថ្នាំអាបែត និងអប់រំពីការគ្រប់គ្រងសំណល់សំបកកង់រថយន្ដចាស់ៗ នៅតាមសហគមន៍ និងសំអាតបរិស្ថាន នៅជុំវិញផ្ទះ។
ទោះជាមិនបានបញ្ជាក់ពីតួលេខគ្រុនឈាមនៅក្នុងខេត្តក្រចេះ លោក ងី ប៊ុនឡែន លោកបន្តថា ៖ «មន្ទីរបានណែនាំប្រជាពលរដ្ឋត្រូវថែទាំកូនចៅតាមដានពិនិត្យមើលសុខភាពឱ្យបានល្អ បើមានបញ្ហាគ្រុនក្ដៅត្រូវនាំកូនមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុតរបស់ប្រជាពលរដ្ឋ»។
ក្រៅពីខេត្តទាំងពីរខាងលើ ក៏មានមន្ទីរសុខាភិបាលតាមបណ្តាខេត្តមួយចំនួនទៀតធ្វើសកម្មភាពដូចគ្នានេះដែរ ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប និងខេត្តពោធិ៍សាត់ បានចាប់ផ្ដើមយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស និងចុះអប់រំពលរដ្ឋពីពិធីបង្ការជំងឺគ្រុនឈាមនេះផងដែរ។
មន្ទីរសុខាភិបាលខេត្តទាំងនេះ ក៏បានធ្វើការណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ដែរថា ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល លោក លាង ឫទ្ធា ធ្លាប់ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា ឬរយៈពេល ៣៥ សប្តាហ៍ ឆ្នាំ២០៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួនជាង ១៩.០០០នាក់ ក្នុងនោះមានស្លាប់ ៣៤ នាក់ដែលចំនួននេះកើនឡើងពីរ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២កន្លងទៅ៕
ដោយ៖បូរ ពេជ្រហ្សាលីន