ចិនបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មស៊ីជម្រៅជាមួយរុស្សីបើទោះបីជារងការរិះគន់ពីលោកខាងលិច
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃអង្គារថ្មីៗនេះ បានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយរុស្សីឱ្យកាន់តែស៊ីជម្រៅនៅតាមច្រកព្រំដែន។ការជំរុញបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនេះ ធ្វឡើងក្រោយប្រទេសទាំងពីរប្ដេជ្ញាជំរុញទំនាក់ទំនងខ្លួនឱ្យកាន់តែជិតស្និទ្ធ ទោះបីជាមិនមាន ការគាំទ្រពីលោកខាងលិច បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុនក៏ដោយ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានបើកការពិភាក្សាស៊ីជម្រៅស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិននៅទីក្រុងប៉េកាំង ស្របពេលដែលប្រមុខការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) កំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាយុទ្ធសាស្ត្រ។
ការធ្វើដំណើរទៅកាន់ទីក្រុងមូស្កូរបស់លោក វ៉ាង យី នាពេលនេះ ក៏នឹងបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វេនតៅ(Wang Wentao )បាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-រុស្ស៊ី នឹងត្រូវបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ។
ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបន្តស្ថិតនៅក្រោមទណ្ឌកម្មរបស់លោកខាងលិច។ ម៉្លោះហើយទីក្រុងមូស្គូបានពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងប៉េកាំង សម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច តាមរយៈការនាំចេញចំណីអាហារ ប្រេង ឧស្ម័ន ព្រមទាំងគ្រាប់ធញ្ញជាតិ ទៅកាន់ទីផ្សារប្រទេសចិន។
បើតាមទិន្នន័យចុងក្រោយបង្អស់របស់ចិនបង្ហាញថា នៅក្នុងខែសីហាកន្លងទៅ ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ីបានកើនឡើង ៣ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានទំហំ ១១,៥ ពាន់លានដុល្លារ។
ដោយឡែកកាលពីថ្ងៃអង្គារកន្លងទៅនេះដែរ ក្រុមរដ្ឋមន្ត្រីនៃប្រទេស G7 បានអំពាវនាវសាជាថ្មីទៅ កាន់ប្រទេសទី៣ (ដោយមិនបញ្ចេញឈ្មោះ) ដែលមានបំណងចង់លូកដៃចូលជួយរុស្សីក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន នឹងត្រូវប្រឈមមុខនឹងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
បើទោះបីជាយ៉ាងនេះក្ដី ទីក្រុងប៉េកាំងបានច្រានចោលការរិះគន់របស់លោកខាងលិចពីភាពជាដៃគូរបស់ខ្លួ នជាមួយទីក្រុងមូស្គូ ក្នុងពេលដែលសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងតែឆាបឆេះ។
ចិននៅតែអះអាងថា ទំនាក់ទំនងរបស់ខ្លួននាពេលនេះថា មិនបានបំពានលើច្បាប់បទដ្ឋានអន្តរជាតិនោះទេ ម្យ៉ាងទៀតចិនមានសិទ្ធិក្នុងការសហការជាមួយប្រទេសណាដែលខ្លួនពេញចិត្ត។
គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន United Oil- and Gas-Chemical របស់រុស្ស៊ី និងក្រុមហ៊ុន Xuan Yuan Industrial Development របស់ចិនបានព្រមព្រៀងគ្នាសាងសង់កន្លែងដឹកជញ្ជូនប្រេងនៅជិតស្ពានរថភ្លើង ដែលតភ្ជាប់ពីទីក្រុង Nizhneleninskoye របស់រុស្ស៊ីទៅកាន់តំបន់ Tongjiang របស់ប្រទេសចិន ខណៈដែលទីក្រុងម៉ូស្គូកំពុងបង្វែរការនាំចេញទំនិញរបស់ខ្លួនចេញពីអឺរ៉ុប។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនក៏បាននិយាយផងដែរថា វាមានភាពចាំបាច់សម្រាប់ប្រទេសចិន ក្នុងការទទួលយកការផ្គត់ផ្គង់ទំនិញពីរុស្សី ខណៈពេលពិភពលោកកំពុងជួបប្រទះនូវវិបត្តិស្បៀងអាហារ និងថាមពល៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ China urges deeper trade ties with Russia despite Western rebuke