ផ្លែដូងស្រស់របស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ខណៈអគ្គនាយកដ្ឋាននេះគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំអគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូខាងមុខនេះ គឺដើម្បីឱ្យភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។

ប្រភពដដែលបន្តថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងបន្ថែមនៅថ្ងៃទី២០ ខែកញ្ញាថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។

កញ្ញាបានបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ»។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដែលមានអាជីវកម្មភាគច្រើននៅក្នុងវិស័យកសិកម្ម ជាពិសេសលោកបានដាំដុះដូចក្រអូបជាច្រើនហិកតាមផងនោះ បានសាទរចំពោះព័ត៌មាននេះ ក្រោយពីក្រុមហ៊ុនរបស់លោកបានដាំដុះដំណាំដូងក្រអូបនេះសរុបប្រមាណ១៥០ហិកតា នៅខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ាបានប្រាប់ឱ្យដឹងថា ៖ «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំមើលព័ត៌មានឃើញថា អាមេរិក គេអនុញ្ញាតឱ្យវៀតណាមនាំចេញដូងទៅប្រទេសគេ ហើយឥឡូវមិត្តចិន បានអនុញ្ញាតឱ្យយើងនាំចេញដូងទៅដែរ វាជាដំណឹងល្អណាស់សម្រាប់អ្នកដាំដុះដូងនៅក្នុងស្រុកយើង។កាលដែលពូមានគំនិតដាំនេះ ដោយសារតែពូសង្ឃឹមថាថ្ងៃណាមួយមិត្តចិននឹងអនុញ្ញាតឱ្យយើងនាំចេញដូងទៅប្រទេសគេ ឥឡូវដូចអ្វីដែលពូបានរំពឹងទុកមែន»។

បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្រោយពីចិនអនុញ្ញាតឱ្យនាំចេញផ្លែដូងស្រស់របស់កម្ពុជាចូលទៅកាន់ប្រទេសគេហើយ លោកមានគម្រោងក្នុងការពង្រីកការដាំដុះបន្ថែម ដោយបច្ចុប្បន្នលោកកំពុងសម្លឹងរកផ្ទៃដីនៅតំបន់មួយចំនួនទៀត ដើម្បីពង្រីកការដាំដុះ។

ជាមួយគ្នានេះដែរ លោក ប៊ុត គឹមឆាយ ម្ចាស់ចម្ការដូងក្រអូបទំហំ៤៧ហិកតានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានបង្ហាញក្តីរីករាយចំពោះដំណឹងនៃការអនុញ្ញាតឱ្យនាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិននេះដែរ ខណៈដែលនេះជាក្តីស្រមៃរបស់លោកតាំងពីយូរមកហើយ ចំពោះទីផ្សារដូងស្រស់របស់ខ្មែរនៅក្រៅប្រទេសនេះ។

លោក គឹម ឆាយ បានប្រាប់ទៀតថា ដោយសារតែចម្ការរបស់លោក ដាំដុះមិនត្រឹមតែលក់ផ្លែនោះទេ តែលោកមានបណ្តុះពូជដូងសម្រាប់លក់ផងដែរ ដែលមានដៃគូដែលជាកសិករជាច្រើន បានទិញពូជដូងពីពីចម្ការរបស់លោក។

លោកថា ៖ «ឥឡូវចម្ការខ្ញុំផ្តោតទៅលើការលក់ពូជដូង ច្រើនជាងលក់ផ្លែខ្ចី ដោយសារតែអ្នកប្រកបរបរដាំដុះដូង ជាពិសេសដូងក្រអូបនេះ មានច្រើន ទើបខ្ញុំផ្តោតលើការលក់ពូជច្រើនជាង។ វាជាដំណឹងរីករាយណាស់ ព្រោះថាកន្លងមកមានកសិករជាច្រើនសួរនាំខ្ញុំពីការនាំចេញទីផ្សារក្រៅប្រទេស ព្រោះយើងរំពឹងថា នៅពេលដែលមានការនាំចេញក្រៅប្រទេសបែបនេះ ដំណាំដូង នឹងលែងមានបញ្ហាទីផ្សារ»។

បើតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១៧.០០០ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១៤.០០០ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤៨.០០០តោន៕ ដោយ៖ វណ្ណ សុជាតា

ads banner