ក្រសួងវប្បធម៌ បណ្តុះបណ្តាលពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់ដល់គ្រូសាលាមធ្យមវិចិត្រសិល្បៈ
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ដល់គ្រូសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង១០០នាក់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀនឱ្យស្របតាមបរិបទថ្មីបែបឌីជីថល។ នេះយោងតាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន។

លោកបាននិយាយថា ៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ លោកគ្រូអ្នកគ្រូ ក៏នឹងរៀនពីរបៀបនៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបមជ្ឈមណ្ឌលសិស្ស មជ្ឈមណ្ឌលវិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាតាមបែបសហការនិងតាមបែបឯករាជ្យថែមទៀត»។
ចំណែកឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀន។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ការបង្រៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺយើងបានផ្តោតតាមរបៀប គ្រូមជ្ឈមណ្ឌល មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា សិស្សមជ្ឈមណ្ឌល ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តកិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ សំដៅរួមចំណែកលើកកម្ពស់គុណភាពអប់រំផងនិងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផងដែរ»។

ទន្ទឹមនេះដែរ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ក៏បានលើកឡើងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាការធ្វើទំនើបកម្មមុខងារសាធារណៈឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាព ជាមន្រ្តីរាជការ លោកគ្រូអ្នកគ្រូដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជាជន ប្រកបដោយប្រសិទ្ធភាពថែមទៀត។
បើតាមក្រសួងវប្បធម៌ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃទី២២ ខែកញ្ញា។ ក្រសួងបានឱ្យដឹងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ដើម្បីជួយដល់គ្រឹះស្ថានអប់រំក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន៕ ដោយ៖ បូរ ពេជ្រហ្សាលីន