សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចាកចេញពីកម្ពុជានៅថ្ងៃទី២១កញ្ញានេះ ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាព ក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។

ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរបំពេញបេសកកម្មក្រៅប្រទេស ជាលើកទី៣ របស់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ក្រុងញូយ៉កសហរដ្ឋអាមេរិក នឹងមានរយៈពេល ៥ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៥កញ្ញា។

សម្តេចធិបតីគ្រោងនឹងឡើងថ្លែងសុន្ទរកថាលើវេទិកាពិភពលោក នារសៀលថ្ងៃទី២២កញ្ញា ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញា ម៉ោងក្នុងប្រទេសកម្ពុជា និងមានកម្មវិធីជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសថែមទៀត។

ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។

សម្តេចធិបតីក៏នឹងមានកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក។

ads banner