សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងសុន្ទរកថា ក្នុងវេទិកាសន្តិសុខសាធារណៈសកល (Video Inside)

កម្ពុជា និងបណ្តាប្រទេសចំនួន ៥០ ក្នុងតំបន់ បានចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសចិន។

វេទិកាសន្តិសុខសាធារណៈសកលរយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះ ត្រូវបានរៀបចំធ្វើនៅក្រុងលានយុនហ្គាង Lianyungang នៃខេត្តជាងស៊ូ Jiangsu។ វេទិកានេះបានប្រព្រឹត្តទៅក្នុងស្ថានការណ៍ ដែលសភាពការណ៍ ក្នុងតំបន់ និងសកលលោក កំពុងប្រឈមការគំរាមកំហែងសន្តិសុខដោយសារកត្តាជម្លោះភូមិសាស្ត្រនយោបាយ។

វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកលសម្រាប់ឆ្នាំ២០២៣នេះ បានស្ថិតក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាមួយតាមប្រព័ន្ធ Online ដោយគូសបញ្ជាក់ប្រាប់អ្នកចូលរួមនានាថា វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលនេះ ជាវេទិកាដ៏មានសារៈសំខាន់បំផុត និងបានស្របតាមគោលនយោបាយ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារ៍ទី១៩ និងគ្រោងបញ្ចប់នៅថ្ងៃទី២១កញ្ញា មានការអញ្ជើញចូលរួមដោយផ្ទាល់ពីមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសនានា, ក្រុមអ្នកជំនាញ, ក្រុមបណ្ឌិតច្បាប់ប្រមាណជាង ៥០០នាក់ រួមមានមកពីចក្រភពអង់គ្លេស ថៃ វៀតណាម អាហ្រ្វិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត។

មន្ត្រីជាន់ខ្ពស់អង្គការ Interpol និងមជ្ឈមណ្ឌលអនុវត្តច្បាប់ នៃទន្លេឡាងឆាង មេគង្គ ក៏ដូចជាបេសកជនមកពីប្រទេសមួយចំនួនទៀត ដូចជារុស្ស៊ី កូរ៉េខាងត្បូង អាឡឺម៉ង់ និងបារាំង ក៏បានមកចូលរួមក្នុងវេទិកានោះផងដែរ។

ads banner