ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថា កម្មវិធីមីស៊ីលកូរ៉េខាងជើងបង្កការគំរាមកំហែងដល់សន្តិភាពពិភពលោក
ញូវយ៉ក៖ មេដឹកនាំកូរ៉េខាងត្បូងបានព្រមានថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងដល់ស្ថិរភាព និងជា “បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព” នៅក្នុងតំបន់ និងជុំវិញពិភពលោក។
ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល បានគូសបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង មិនត្រឹមតែជាការគំរាមកំហែងដោយផ្ទាល់ និងបង្កអស្ថិរភាពដល់សន្តិភាពកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោកផងដែរ។
លោក យូន បាននិយាយយ៉ាងដូច្នេះថា ប្រសិនបើកូរ៉េខាងជើងទទួលបានព័ត៌មាន និងបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីបង្កើនសមត្ថភាពអាវុធប្រល័យលោករបស់ខ្លួន ជាថ្នូរនឹងការផ្តល់អាវុធដល់រុស្ស៊ីនោះ កូរ៉េខាងត្បូង រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន នឹងមិនឈរនៅស្ងៀមឡើយ ប្រសិនបើរុស្ស៊ី និងកូរ៉េខាងជើងរួមកម្លាំងគ្នា។
លោក យូន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងក្លាយជាការបង្កហេតុដោយផ្ទាល់ ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកូរ៉េខាងត្បូងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


