សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ បានផ្ដល់នូវកាលានុវត្តភាពទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិ ភាពទៅលើវិស័យវប្បធម៌ ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលមានបាវចនា “វប្បធម៌រលត់ ជាតិរលាយ” “វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កាន” ខណៈវប្បធម៌ បានផ្ដល់នូវកាលានុវត្តភាពទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ ។

នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាច ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការផ្ដល់កិត្តិយសអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពទៅលើវិស័យវប្បធម៌ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលមានបាវចនា”វប្បធម៌រលត់ ជាតិរលាយ” “វប្បធម៌ពណ្ណារាយជាតិថ្កើនថ្កាន” ។

សម្តេចធិបតីបន្តថា ជាការពិតវប្បធម៌ផ្ដល់នូវកាលានុវត្តភាពទូលំទូលាយ ចំណេះដឹងទូលជ្រៅជ្រះ ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ និងតម្លៃសកលជាប្រភពបង្កើតគំនិតស្នេហាជាតិ ពង្រឹងសាមគ្គីជាតិ ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយទស្សនៈទានអភិរក្សដើម្បីអភិវឌ្ឍនិងអភិវឌ្ឍន៍ដើម្បីអភិរក្ស ដែលជាយុទ្ធសាស្រ្តលើកស្ទួយវប្បធម៌ សិល្បៈប្រពៃណី ទំនៀម ទម្លាប់ សាសនា បីតិកភណ្ឌ ទាំងរូបិនិងអរូបី ។ ការដាក់បញ្ចូលបេតិកភណ្ឌជាតិជាបេតិកភណ្ឌពិភពលោកមានរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ រមណីយ ដ្ឋានប្រាសាទសំបូរព្រៃគុក របាំព្រះ រាជទ្រព្យ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្ត ចាប៉ីដងវែង ល្ខោនខោល និង ក្បាច់គុណល្បុកតោ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា មនុញ្ញផលនៃសុខសន្តិភាពធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍ពេញលេញលើគ្រប់វិស័យជាមួយ និង ការធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុង សហគមន៍តំបន់និងអន្តរ ជាតិការដាក់បញ្ចូលប្រាសាទរមណីយដ្ឋានកោះកេរជាបេតិកភណ្ឌពិភពលោកនៅពេលនេះគឺបានបង្ហាញពីបញ្ញាញាណរបស់ដូនតាខ្មែរដែលជាបុព្វប្រាលដ៏អស្ចារ្យដែលបានបន្សល់ទុកនូវវប្បធម៌ អរិយធ៌មនិងសិល្បៈដ៏សំបូបែកជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំងប្រទេសកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយចងចាំទុកធ្វើជាគំរូ រក្សាការពារឲ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាពដែលជាប្រជាជាតិប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នារក្សាទប់ស្កាត់រាល់សកម្មដែលបង្កភាពវឹកវរ បង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុង្គរឿងរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ននិងអនាគត ។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។

សម្តេចធិបតី ក៏បានអរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះបងប្អូនជនរួមជាតិទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្សនិស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរយ៉ាងសកម្ម ទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និងឯកជន បានរួមគ្នាវាយគង ទូងស្គរ ទាំងប៉ោង និងរគាំង ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចថែមទាំងបានកោតសរសើរ បណ្តាញព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវព្រឹត្តិការណ៍ប្រកបដោយមោទនភាពជាតិ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំ ស្រលាញ់ និងអភិរក្សវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ស្ថិតក្នុងដួងចិត្តកុលបុត្រកូនខ្មែរគ្រប់រូប ជាអមតៈ។

សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

គួរបញ្ជាក់ថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជា មានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕ អត្ថបទ៖ វណ្ណលុក, រូបភាពសន្លឹក៖FN, វីដេអូ៖ វ៉េង លីមហួត សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner