សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ព្រមទាំងផ្តល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ព្រមទាំងផ្តល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។
ខណៈរដូវច្រូតកាត់នឹងមកដល់នាពេលដ៏ខ្លីខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធត្រូវខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ព្រមទាំងផ្តល់ការ ពិគ្រោះយោបល់អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលក៏ណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប និងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង ការទទួលខុសត្រូវលើការប្រើប្រាស់ធនធានឱ្យចំគោលដៅនិងមានប្រសិទ្ធភាព ដើម្បីរក្សាតុល្យភាព ចំណូលនិងចំណាយថវិកាជាតិ សំដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ពង្រឹងការផ្សព្វផ្សាយ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជូនវិស័យឯកជន និងសាធារណជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអកុសល និងមិនពិតពីសំណាក់ជនអគតិ និងដើម្បីជួយវិស័យឯកជន អាចសម្រេចចិត្តបានត្រឹមត្រូវនិងច្បាស់លាស់ក្នុងដំណើរការអាជីវកម្ម ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត ,
សួង ពិសិដ្ឋ និង ង៉ាន ទិត្យ









