ព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន

ភ្នំពេញ៖ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើត រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែនទាំងមូល ដោយឥតកែប្រែចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៥៩រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ដូចខាងក្រោម៖ របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច។ សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តមួយឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅទូលំទូលាយ មានភាពស៊ីចង្វាក់គា្ន ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើត បរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១០មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឱ្យអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន ធ្វើឡើងក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្ស ដែលមានសមត្ថភាពជំនាញពិតប្រាកដទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែក ជំនាញពាក់ព័ន្ធផ្សេងទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបានឱ្យឋិតថេរគង់វង្សយូរអង្វែងទុកជាមរតកដ៏ឧត្ដុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ធ្វើឡើងក្នុងចក្ខុវិស័យដើម្បីឈានទៅកសាងខ្សែ បន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមិនកែប្រែ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៨មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០១រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា

ads banner