អ.ស.ប កត់ត្រាពីការធ្វើទារុណកម្ម និងការស្លាប់របស់អ្នកជាប់ឃុំក្រោមដៃរបស់ពួកតាលីបង់
អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)បានចេញរបាយការណ៍នៅថ្ងៃពុធនេះ ដោយកត់ត្រាសំណុំរឿងជាង ១ ៦០០ ករណីនៃការរំលោភសិទ្ធិលើជនជាប់ឃុំឃាំងក្រោមដៃរបស់ពួកតាលីបង់ ដោយពួកគេរងទារុណកម្ម និងការប្រព្រឹត្តមិនត្រឹមត្រូវភាគច្រើនពីប៉ូលិស និងភ្នាក់ងារចារកម្ម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បេសកកម្មរបស់អ.ស.ប ប្រចាំប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយថា មនុស្ស១៨នាក់ក៏បានស្លាប់នៅក្នុងពន្ធនាគារ និងនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស និងចារកម្ម ក្នុងរយៈពេល ១៩ ខែ គិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២៣។ ក្រុមតាលីបង់បានគ្រប់គ្រងប៉ូលិស និងទីភ្នាក់ងារចារកម្ម ចាប់តាំងពីពួកគេចូលកាន់កាប់ប្រទេសនេះនៅខែសីហា ឆ្នាំ ២០២១ មក។
UNAMA និយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ដើម្បីបានចម្លើយសារភាព ឬព័ត៌មានផ្សេងទៀត អ្នកជាប់ឃុំត្រូវទទួលរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរ តាមរយៈការវាយដំលើរាងកាយ ការឆក់អគ្គិសនី ការខ្ទប់ដង្ហើម ការបង្ខំឱ្យផឹកទឹក និងការយកក្រណាត់បិទភ្នែក ហើយបំភិតបំភ័យជាដើម»។
ការរំលោភបំពានផ្សេងទៀតរួមមាន ការមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួន ការមិនឱ្យជនជាប់ឃុំមានមេធាវីការពារ និងការមិនទទួលបានការថែទាំវេជ្ជសាស្រ្តគ្រប់គ្រាន់ក្នុងមន្ទីរឃុំឃាំងជាដើម។
ប្រហែលមួយក្នុងចំណោមការរំលោភបំពាន១០ករណី គឺជាការរំលោភបំពានប្រឆាំងនឹងស្ត្រី។ ចំណែកឯអ្នកសារព័ត៌មាន និងសមាជិកសង្គមស៊ីវិល រួមចំណែកជិត១ភាគ៤នៃជនរងគ្រោះនៃការរំលោភបំពានទាំងអស់។
ប្រតិកម្មទៅនឹងរបាយការណ៍ចុងក្រោយនេះ ក្រសួងការបរទេសអាហ្វហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ បាននិយាយថា ចំនួននៃការរំលោភបំពានដែលមានក្នុងរបាយការណ៍ គ្មានភាពត្រឹមត្រូវនោះទេ ជាពិសេសចំនួនអ្នកកាសែត ឬអ្នកតស៊ូមតិសង្គមស៊ីវិលដែលរងផលប៉ះពាល់។
ក្រសួងបាននិយាយថា អាជ្ញាធរ និងតុលាការ កំពុងធ្វើការដើម្បីបង្កើនការត្រួតពិនិត្យ និងធានាការអនុលោមតាមក្រឹត្យផ្សេងៗរបស់មេដឹកនាំកំពូល ដែលហាមឃាត់ការធ្វើទារុណកម្ម ឬការបង្ខំឱ្យអ្នកជាប់ឃុំសារភាពចម្លើយ។
UN បាននិយាយថា ក្រឹត្យផ្សេងៗនោះ និងការអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនចូលទៅកាន់ពន្ធនាគារ គឺជាសញ្ញាលើកទឹកចិត្ត ប៉ុន្តែអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីដោះស្រាយស្ថានការណ៍ឡើងវិញ។
លោក Roza Otunbayeva ប្រធាន UNAMA បាននិយាយថា៖ «ករណីដែលបានចងក្រងជាឯកសារទាំងនេះ បង្ហាញពីតម្រូវការសម្រាប់សកម្មភាពបន្ទាន់ និងពន្លឿនដោយគ្រប់ភាគី។ មានតម្រូវការជាបន្ទាន់ ដើម្បីពិចារណាការចូលរួមបន្ថែមទៀតជាមួយអាជ្ញាធរជាក់ស្តែង ដើម្បីបញ្ចប់ការរំលោភបំពានទាំងនេះ»៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ UN records torture, deaths of detainees in Taliban custody