ឥណ្ឌាប្រាប់ពលរដ្ឋខ្លួនដែលរស់នៅប្រទេសកាណាដាឱ្យប្រុងប្រយ័ត្នខណៈទំនាក់ទំនងប្រទេសទាំង២កាន់តែយ៉ាប់យ៉ឺន
ញូវដែលី៖ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ប្រទេសឥណ្ឌាបានប្រកាសជំរុញឱ្យពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកាណាដានិងជនជាតិឥណ្ឌាដែលគ្រោងទៅធ្វើទស្សនកិច្ចត្រូវមានការប្រុងប្រយ័ត្ន ខណៈទំនាក់ទំនងកាន់តែអាក្រក់ឡើង បន្ទាប់ពីប្រទេសទាំង២នេះបានបណ្តេញអ្នកការទូតគ្នាទៅវិញទៅមកជុំវិញជម្លោះនៃការសម្លាប់លោក Hardeep Singh Nijjar ដែលជាមេដឹកនាំចលនាសាសនាស៊ិក្ខ (Sikh)នៅកាណាដា។
ភាពតានតឹងបានកើនឡើងចាប់តាំងពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទ បានអះអាងថា អាជ្ញាធរកាណាដាមានធាតុផ្សំគួរឱ្យទុកចិត្តបំផុតអំពីការជាប់ពាក់ព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាក្នុងការឃុបឃិតធ្វើឃាត លោក Hardeep Singh Nijjar នៅទីក្រុង British Columbia កាលពីខែមិថុនា។
ជុំវិញការសង្ស័យនេះដែរ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី(Narendra Modi )បានច្រានចោលការសង្ស័យរបស់ប្រទេសកាណាដាទាំងស្រុងដែលថាភ្នាក់ងាររបស់ទីក្រុងញូវដែលី មានទំនាក់ទំនងទៅនឹងឃាតកម្មនេះ។
គួរជម្រាបថា កាណាដា និងឥណ្ឌាចាប់ផ្តើមមានទំនាស់នឹងគ្នាប៉ុន្មានខែមកហើយជុំវិញការសម្លាប់មេដឹកនាំអ្នកកាន់សាសនាស៊ិក្ខដែលដឹកនាំសមាជិករបស់ខ្លួនជាង ៧០ ម៉ឺននាក់នៅកាណាដា។ ទោះយ៉ាងណានៅថ្ងៃចន្ទទី១៨កញ្ញា ទើបវិបិត្តការទូតរវាងប្រទេសទាំង ២ ស្រាប់តែបានផ្ទុះឡើង ក្រោយរដ្ឋាភិបាលកាណាដា ប្រកាសបណ្តេញប្រធានទីភ្នាក់ងារចារកិច្ចឥណ្ឌាម្នាក់ប្រចាំនៅកាណាដា ចំណែករដ្ឋាភិបាលឥណ្ឌា បានបណ្តេញមន្ត្រីទូតជាន់ខ្ពស់ម្នាក់ របស់កាណាដាឱ្យចាកចេញពីឥណ្ឌា។
កន្លងមកសម្រាប់រដ្ឋាភិបាលឥណ្ឌា តែងចាត់ទុកថារាល់សកម្មភាព របស់អង្គការអ្នកកាន់សាសនាស៊ិក្ខពិភពលោកនៅកាណាដា គឺជាការបះបោរបំបែកទឹកដី ឱ្យក្រុមរបស់ខ្លួននៅរដ្ឋពុនចាបរបស់ឥណ្ឌា ផ្តាច់ខ្លួនបង្កើតរដ្ឋឯករាជ្យឈ្មោះ Khalistan។ ទោះយ៉ាងណាក៏ដោយ សម្រាប់ភាគីអង្គការសាសនាស៊ិក្ខពិភពលោកនៅកាណាដា ការស្លាប់របស់លោក Nijjar បង្កឱ្យមានការតក់ស្លុត និងខឹងសម្បារជាខ្លាំង។
ក្រោយបញ្ហាដ៏ធំនេះ ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ប្រកាសថា ដោយសារបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺនក្នុងប្រទេសកាណាដា ជនជាតិឥណ្ឌាទាំងអស់នៅទីនោះ ជាពិសេសនិស្សិតឥណ្ឌាត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងរក្សាភាពស្ងប់ស្ងាត់។ ប្រទេសកាណាដា មាននិស្សិតជនជាតិឥណ្ឌាច្រើនបំផុតចាប់តាំងពីឆ្នាំ ២០១៨ ពោលគឺស្មើនឹង ៤០ភាគរយនៃសិស្សនៅបរទេសសរុប៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/india/indias-opposition-congress-dismisses-canadas-suspicions-sikh-leaders-murder-2023-09-20/