ភ្លៀក ទិត្យ ឈប់ពីធ្វើការងាររោងចក្រងាកមកប្រកបអាជីពប្រដាល់វិញរំពឹងសាងអនាគតបានល្អ

(ភ្នំពេញ)៖ ក្រោយពីមើលឃើញកីឡាករ ប្រដាល់គុនខ្មែរ ធឿន ធារ៉ា អ្នកប្រដាល់គំរូក្នុងដួងចិត្តជោគជ័យលើវិថីប្រដាល់គុនខ្មែរសាងបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានជីវិភាពធូធាដោយសារតែប្រឡុកក្នុងអាជីពប្រដាល់ បានធ្វើឲ្យ ភ្លៀក ទិត្យ បុរស រោងចក្រមកពីខេត្តព្រៃវែង សម្រេចចិត្តលាឈប់ពីមុខរបររោងចក្រងាកមកប្រឡុកអាជីពជាអ្នកប្រដាល់គុនខ្មែរ ដោយរំពឹងថា នឹងកសាងបាននូវភាពល្បីល្បាញជួយឲ្យជីវភាពដែលធ្លាប់តែក្រលំបាកអាចនឹងប្រសើរឡើងដូចអ្នកប្រដាល់រៀមច្បង ធឿន ធារ៉ា ។

ភ្លៀក ទិត្យ វ័យ២១ បានបញ្ជាក់ថា គិតមកដល់ពេលនេះរូបគាត់បានចូលហ្វឹកហាត់ក្នុងក្លិបប្រដាល់ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងគុនខ្មែរ បានជិតមួយឆ្នាំហើយ និងបានឡើងសង្វៀនប្រកួតចំនួនពីរលើកឈ្នះមួយនិងចាញ់មួយប្រកួតដែលជាកម្មវិធីប្រកួតកម្រិតកីឡាករថ្នាល នឹងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្តទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឈានជើងឡើងសង្វៀនតាមស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុកប្រកួតក្នុងតម្លៃខ្លួនខ្ពស់ ។

ភ្លៀក ទិត្យ អះអាងថា ការចូលប្រឡុកក្នុងអាជីពប្រដាល់គុនខ្មែរនេះ ពេលខ្លះរូបគាត់ចង់បោះបង់ចោលម្តងៗទៅហើយ ដោយសាតែអាជីពមួយនេះមានការឈឺខ្លួនជាខ្លាំងពេលឡើងសង្វៀនប្រកួតម្តងៗ។ ប៉ុន្តែអ្វីដែលបានលើកទឹកចិត្តឲ្យគាត់នូវតែបន្តប្រឹងប្រែងហ្វឹកហាត់មិនព្រមលាឈប់ទៅរកអាជីពថ្មីនោះ គឺទឹកចិត្តចង់នាំយកភាពជោគភាពជោគជ័យនៃការប្រឡុកក្នុងអាជីពគុនខ្មែរយកទៅឲ្យក្រុមគ្រួសារ ខណៈពេលដែលខ្លួនចូលប្រឡុកក្នុងអាជីពប្រដាល់មិនមានការយល់ព្រមពីលោកឱពុកនិងអ្នកម្តាយឡើយ។

ភ្លៀក ទិត្យ បានប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាពប្រឡុកក្នុងវិថីប្រដាល់គុនខ្មែរសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញដូចអ្នកប្រដាល់រៀមច្បង ធឿន ធារ៉ា ដើម្បីយកភាពល្បីល្បាញ ស្វែងរកប្រាក់ចំណូលជួយឲ្យគ្រួសារធូធានូវពេលអនាគត។

ភ្លៀក ទិត្យ ជាអ្នកខេត្តព្រៃវែង មានអាយុ២១ឆ្នាំ ជាកូនប្រុសច្បងក្នុងគ្រួសារដែលមានបងប្អូនប្រុសស្រី៣នាក់ បានចាកចេញពីគ្រួសារ ដោយសារតែជីវភាពក្រីក្រមករស់នៅក្នុងទីក្រុងភ្នំពេញធ្វើការងាររោងចក្រតាំងពីអាយុ១៨ឆ្នាំ និងបានសម្រេចចិត្តងាកមករកអាជីពប្រដាល់វិញនូវចុងឆ្នាំ២០២២ ដោយរំពឹងថា អាជីពប្រដាល់នឹងជួយឲ្យគាត់បានល្បីល្បាញដូចកីឡាករគំរូក្នុងដូងចិត្ត ធឿន ធារ៉ា ដែលជាអ្នកប្រដាល់រៀមច្បងនៅក្នុងក្លិប៕

រូបភាព និង អត្ថបទ ជាវ ចន្ធូ

ads banner