ចិនព្រមានពិភពលោកកុំឱ្យមើលស្រាលឆន្ទៈរបស់ខ្លួនលើបញ្ហាកោះតៃវ៉ាន់
ញូវយ៉ក៖ មេដឹកនាំចិន នៅថ្ងៃទី២១ ខែកញ្ញា បានព្រមាននៅឯអង្គការសហប្រជាជាតិ កុំឱ្យពិភពលោកមើលស្រាលឆន្ទៈដ៏មុតមាំរបស់ខ្លួន លើបញ្ហាតៃវ៉ាន់ឱ្យសោះ និងថា ទីក្រុងប៉េកាំងចង់បានមធ្យោបាយសន្តិវិធីដើម្បីយកកោះនេះមកគ្រប់គ្រង។
ថ្លែងទៅកាន់មហាសន្និបាតនៃអង្គការសហប្រជាជាតិ អនុប្រធានាធិបតីចិន លោក Han Zheng បានលើកឡើងជាថ្មីម្តងទៀត នូវជំហររបស់ទីក្រុងប៉េកាំងដែលថា កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។
អនុប្រធានាធិបតីចិនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា គ្មាននរណាម្នាក់ អាចមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មុតមាំ និងអំណាចរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ពួកគេបានទេ។
ប្រទេសស្ទើរតែទាំងអស់បានទទួលស្គាល់ទីក្រុងប៉េកាំងជាជាងទីក្រុងតៃប៉ិ ប៉ុន្តែសហរដ្ឋអាមេរិកមានទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំជាមួយតៃវ៉ាន់ ហើយផ្តល់អាវុធដើម្បីធានាការការពារខ្លួនដល់កោះនេះ។
ទន្ទឹមគ្នា មន្ត្រីអាមេរិកមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ចិនកំពុងប្រុងប្រៀបខ្លួន ក្នុងការប្រើកម្លាំងដណ្តើមយកកោះតៃវ៉ាន់មកវិញ ជាពិសេសប្រសិនបើទីក្រុងតៃប៉ិធ្វើសកម្មភាពប្រកាសឯករាជ្យជាផ្លូវការ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

