ក្រសួងព័ត៌មានកម្ពុជា វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បន្តពង្រីកកិច្ចសហប្រតិបត្តិការព័ត៌មាន និងការផ្សព្វផ្សាយ

ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។

ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួល បន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹងគុណភាព សារព័ត៌មាន ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុកនិងតិកតុក។

ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មានដោយក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមស្វាគមន៍ និងត្រៀមខ្លួនផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ង្វៀន ម៉ាញ់ហុង(Nguyen Manh Hung)ដែលនាពេលកន្លងទៅ ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសម្របសម្រួលនិងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកកាសែតកម្ពុជា និងការគាំទ្រផ្នែកសម្ភារសម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរបានឯកភាពលើការងារសម្របសម្រួលកសាងច្រកព័ត៌មានសម្រាប់ប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យពលរដ្ឋទាំងពីរទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈការសហការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមករវាងក្រុមអ្នកកាសែតខ្មែរនៅវៀតណាម និងអ្នកកាសែតវៀតណាមមកកម្ពុជាដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក។ ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner