​​​ឥណ្ឌូណេស៊ី​ដាក់​គុក​ស្រ្តី​ម្នាក់​ចំនួនពីរ​ឆ្នាំ​ ដោយសារ​​បង្ហោះ​វីដេអូ​​ តិកតុក ​បង្ហាញ​ពី​ការ​​អធិដ្ឋានព្រះ​​​​មុ​ន​​ពេល​បរិភោគ​​សាច់​​ជ្រូក​

ហ្សាការតា៖តុលាការ​ឥណ្ឌូណេស៊ី​បាន​កាត់​ទោស​ស្ត្រី​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ​​ និង​ពិន័យ​ជា​ប្រាក់​ ​បន្ទាប់​ពី​នាង​បាន​​អធិដ្ឋាន​ព្រះ​ក្នុង​​​សាសនា​អ៊ិស្លាម​ មុន​ពេល​បរិភោគ​សាច់​ជ្រូក​នៅ​ក្នុង​វីដេអូដែល​​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ តិក តុក (TikTok) ​ហើយ​​រង​ការ​​​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំណោម​​​មូស្លីម​​ក្នុង​ប្រទេស​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

យោង​ទៅ​តាម​សាល​ក្រម​ នាង​ Lina Mukherjee ​អាយុ​ ៣៣​ ឆ្នាំ​ ត្រូវ​បាន​តុលាការ​រក​​ឃើញ​ថា​ជាប់​​ពិរុទ្ធ​ពី​បទ​«​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​គោល​បំណង​ញុះ​ញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​បុគ្គល​សាស​នា​ និង​ក្រុម​ជាក់​លាក់​»​ ​​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​ទីក្រុង​ Palembang ​នៃខេត្ត​​កោះ​ស៊ូម៉ាត្រា​ខាង​ត្បូង​។​

​ការ​កាត់​ទោស​នេះ​ ធ្វើ​ឡើង​​​បន្ទាប់​ពី​នាង​​ Mukherjee ​ត្រូវ​បាន​គេ​រាយការណ៍ទៅ​ប៉ូលិស​​កាល​ពី​ខែ​​មីនា​ ចំពោះ​ការ​បង្ហោះ​​វីដេអូ​ដែល​ទទួល​បាន​ការ​ចូល​មើល​រាប់​លាន​ដង​ ដែល​ក្នុង​នោះ​ នាង​បាន​និយាយ​​ពាក្យ​​អធិដ្ឋាន​របស់​មូស្លីម​ថា​ ​«​ក្នុង​ព្រះ​នាម​នៃ​ព្រះ​»​ មុន​ពេល​ទទួល​ទាន​ស្បែក​ជ្រូក​​បំពង ខណៈ​សាច់​ជ្រូក​ ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​សាសនអ៊ិស្លាម​ ដែល​ជា​សាសនា​​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​​។

នាង​ Mukherjee ​​កំណត់​ខ្លួន​​​ជា​មូស្លីម​ ហើយ​សកម្មភាព​របស់​នាង​ រង​ការ​​​ថ្កោល​ទោស​ដោយ​ក្រុម​អភិរក្ស​ រួម​ទាំង​ស្ថាប័ន​បព្វជិត​មូស្លីម​កំពូល​របស់​ប្រទេស​ ​ក្រុម​ប្រឹក្សា​ Ulema ​របស់​​ឥណ្ឌូនេស៊ី​ (IUC) ​ដែល​បាន​ចេញ​សេចក្តី​សម្រេច​ហៅ​វីដេអូ​នេះ​ ថា​ ជា​ការ​ប្រមាថ​សាសនា​។

ក្រោម​សាលក្រម​ថ្មី​នេះ​ផង​ដែរ​ នាង​ Mukherjee រង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ២៥០ លាន​​រូ​ព្យ៉ា​ឥណ្ឌូណេស៊ី​ (១៦ ២០០ ដុល្លារ​អាមេរិក​) ហើយ​បើ​មិន​បង់​ប្រាក់​ពិន័យ​នេះ​ទេ​ ទោស​ជាប់​ពន្ធ​នាគារ​របស់​នាង​នឹង​ត្រូវ​បន្ថែម​រហូត​ដល់​បី​ខែ​។

គួរ​​បញ្ជាក់​ថា​ នេះ​គឺ​ជា​សំណុំ​រឿង​ប្រមាថ​សាសនា​ចុង​ក្រោយ​បំផុត​នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។ កាល​​​ពី​​​ឆ្នាំ​​មុន​ ប៉ូលិស​​ឥណ្ឌូនេស៊ី​​បាន​​ចាប់​​ខ្លួន​​មនុស្ស​ប្រាំមួយនាក់​ ​​​ដោយ​​ចោទ​​ប្រកាន់​​​ពី​​បទ​​ប្រមាថ​សាសនា​​ជុំ​វិញ​​ការ​ផ្ដល់​​​​​​គ្រឿង​​ស្រវឹង​​ដោយ​​ឥត​​គិត​ថ្លៃ​​ទៅ​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​​ Mohammed​ ហើយ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញ​សង្គម​។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក្រុម​​សិទ្ធិ​​មនុស្ស​​បាន​​ធ្វើ​​យុទ្ធនាការ​​​​​ប្រឆាំង​​នឹង​​ច្បាប់​ប្រមាថសាសនា​ ដែល​ខ្លួន​និយាយ​ថា​ ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​គោលដៅ​លើ​ក្រុម​កាន់​សាសនា​ភាគតិច​។ ​

ក្នុង​ឆ្នាំ​ ២០១៧​ អតីត​អភិបាល​ក្រុង​ហ្សាកាតា​ លោក​​ Basuki Tjahaja Purnama ​រង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជិត​ពីរឆ្នាំ​ ពី​បទ​ប្រមាថ​សាសនា​ដ៏​ចម្រូង​ចម្រាស​។លោក​ Purnama ដែល​ជា​គ្រិស្តសាសនិក​ម្នាក់​ ​បាន​ចាប់​ដាក់​គុក​​ដោយ​សារ​ការ​អត្ថាធិប្បាយមួយ​​ដែល​​លោក​​ធ្វើឡើង​នៅ​ពេល​ធ្វើ​យុទ្ធនាការ​​បោះ​ឆ្នោត​ ​ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ប្រមាថ​សាសនា​អ៊ិស្លាម​៕

ប្រែសម្រួល៖ ហួន ឌីណា

​ប្រភព៖ Indonesia woman jailed for TikTok video praying before eating pork  https://www.thaipbsworld.com/indonesia-woman-jailed-for-tiktok-video-praying-before-eating-pork/

ads banner