សមាគម​សហគ្រិន​ស្ត្រី​-​កម្ពុជា​៖ ការ​គាំ​ទ្រ​របស់​ក្រសួង​ការ​ងារ នឹង​ធ្វើ​ឱ្យ​អាជីវករ​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​​និរន្តរ​ភាព

ភ្នំពេញ៖ សមាគម​សហគ្រិន​ស្ត្រី​-​កម្ពុជាបានលើកឡើងថា ការ​គាំ​ទ្រ​របស់ក្រ​សួង​ការ​ងារលើ​កា​រ​បណ្តុះ​បណ្តាល​សហគ្រិន​ភាព ​និង​ការ​បំប៉ន​ជំនាញ​បុគ្គលិក​វិស័យ​ឯក​ជន​ដោយ​ឥត​គិត​ថ្លៃ គឺជាផ្នែកមួយ​ធ្វើ​ឱ្យ​អាជីវករ​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ប្រកប​ដោយ​និរន្តរ​ភាព​។

លោកស្រី កែវ មុំ អគ្គ​នាយិកា​ក្រុម​ហ៊ុន​លី​លី ផលិត​នំ​ស្រួយ និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​-​កម្ពុជា បានលើកឡើងបែបនេះ បន្ទាប់ពីដឹកនាំប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី​២០ខែកញ្ញា ឆ្នាំ ២០២៣។

ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ជូន​ប្រតិភូ​សមាគម​សហ​គ្រិន​ស្ត្រី​កម្ពុជា​ថា តាម​រយៈ​វិទ្យា​ស្ថាន​ជំនាញ​របស់​ក្រសួង មាន​វគ្គ​បណ្តុះ​បណ្តាល​ដល់​ម្ចាស់​អាជីវកម្ម​ស្តី​ពី​សហ​គ្រិនភា​ព និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​នា​នា​ដល់​យុវជន និង​បុគ្គលិក​ក្រុមហ៊ុន​។ លោកថ្លែង​ថា​៖ «​ម្ចាស់​អាជីវកម្ម​ដែល​ចង់​អភិវឌ្ឍន៍​សហគ្រិនភាព រួម​ទាំង​បុគ្គលិក​ដើម្បី​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន អាច​ចូល​រួម​សិក្សា​នៅ​គ្រប់​ទី​តាំង​នា​នា​ដែលស្ថិ​ត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​»​។

ជុំវិញរឿងនេះ លោកស្រី កែវ មុំ មានប្រសាសន៍ថា ការ​គាំ​ទ្រ​របស់​ក្រសួង​នេះ គឺ​វា​ពិត​ជា​មាន​សារៈ​សំខាន់ និង​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ការ​ពង្រឹង​សមត្ថភាព​ដល់​អាជីវករ ដែល​ពួក​គាត់​កំពុង​ប្រកប​អាជីវកម្ម​បែប​លក្ខណៈ​ត​គ្នា ឬ​លក្ខណៈ​គ្រួសារ ដើម្បី​ឱ្យ​ពួក​គាត់​មាន​សមត្ថភាព​ក្នុង​ដឹកនាំ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ប្រកប​ដោយ​និរន្តរ​ភាព​។

លោកស្រីបញ្ជាក់​ថា​៖«​ការ​គាំ​​ទ្រ​ហ្នឹង វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ជួយ​បណ្ដុះ​បណ្ដាល​ឱ្យ​អាជីវករ គាត់​មាន​សមត្ថភាព​ជា​អ្នក​ដឹក​នាំ ភាព​ជា​សហគ្រិន ដូច្នេះ​ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​គាត់​អាច​ពង្រីក​បាន​យ៉ាង​លឿន​និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ ព្រម​ទាំង​ប្រកប​ដោយ​និរន្តរ​ភាព​»​។

លោក​ស្រីបានឱ្យ​ដឹង​ទៀត​​ថា ចំពោះ​​ការ​គាំ​ទ្រ​របស់​ក្រសួង​លើ​ការ​ផ្ដល់​សេវា​បំប៉ន​ជំនាញ​បន្ថែម​ដល់​បុគ្គលិក ឫ​កម្មករ​ក្នុង​វិស័យ​ឯកជន វា​គឺ​ជា​កត្តា​មួយ​ដែល​ក្រសួង​អាច​ជួយ​ពង្រឹង​សមត្ថភាព​ដល់​បុគ្គលិក ​ឫ​កម្មករ​ឱ្យ​មាន​ជំនាញ​ពិត​ប្រាកដ មាន​ប្រាក់​បៀវត្ស​ច្រើន​ជាង​មុន​។ លោក​ស្រី​បន្ថែម​ថា ហើយ​ក៏​ជា​ការ​អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ខ្ជះ​ខ្ជាយ ការ​ខូច​ខាត​នៅ​ក្នុង​ក្រុម​ហ៊ុន ជា​ពិសេស​បាន​បន្ថែម​ល្បឿន​ការ​ងារ​ជូន​ដល់​ក្រុម​ហ៊ុន​ទៀត​ផង​។

ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និងបុគ្គលិក​ក្នុង​ការ​ពង្រឹង​សមត្ថភាព កម្មវិធី​បណ្តុះ​បណ្តាល​មាន​ភាព​បត់​បែន​ខ្ពស់ មាន​កម្រិត​ស្តង់​ដា​រដែល​សិក្ខាកាម​អាច​សិក្សា​បាន​នៅ​ពេល​យប់ ឬ​ចុង​សប្តាហ៍ ដូច្នេះ​អាជីវកម្ម​ក៏​នៅ​តែ​អាច​ដំណើរ​ការ​បាន​ដោយ​រលូន ហើយ​សិក្ខាកាម​ក៏​នៅ​តែ​អាច​សិក្សា​រៀន​សូត្រ​បំប៉ន​សមត្ថភាព​របស់​ខ្លួន​បាន​ផង​ដែរ​។ នេះ​ជាកា​រ​បញ្ជាក់បន្ថែម​របស់​ឯកឧត្តម ហេង សួរ។

បន្ថែម​ពី​នេះ​ទៀតឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​សមាគម​សហគ្រិន​ស្ត្រី ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ត្រូវ​​ត្រៀម​ស្វែង​រក​ចំណុច ឬ​បញ្ហា​រួម​របស់​វិស័យ​ឯកជន ដើម្បី​លើក​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វេទិកា​រដ្ឋ​និង​ឯកជន ដែល​នឹង​ប្រព្រឹ​ត្ត​ទៅ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ខាង​មុខ ដើម្បី​ដោះ​ស្រាយ​ឱ្យ​ចំ​គោល​ដៅ​៕

ដោយ៖ ជា សុខនី

ads banner