ឧត្តមសេនីយ៍ត្រី ជូ សារុន ៖ ការហ្វឹកហ្វឺនបំប៉នជំនាញ គឺពង្រឹងសមត្ថភាព វិន័យ សីលធម៍ សាមគ្គីឯកភាពផ្ទៃក្នុង ឲ្យសាកសមជាយោធាច្បាប់
កំពង់ស្ពឺ៖ ការហ្វឹកហ្វឺនបំប៉នជំនាញ គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាព កង ទ័ព និងនិរន្តភាពនៃប្រៀបកិច្ចការពារជាតិ ពង្រឹងការគោរពវិន័យ សីលធម៍ក្នុងការរស់នៅ ជាងនេះត្រូវអនុវត្តបទបញ្ជា បង្ការ បង្រ្កាប សង្រ្គោះ សាកសមជាមន្ត្រីអនុវត្តច្បាប់ ។ នេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្នុងឱកាសបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី២ឆ្នាំ២០២៣ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ។
ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឆមាសទី២ ឆ្នាំ២០២៣ នេះ គឺជាការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាព ក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូល របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ទៀតថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់កម្ពុជា និងជាអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន គឺមានកាតព្វកិច្ចមិនអាចខ្វះបាន ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ៕
ម៉ុន សំអាត

