ក្រសួងមុខងារសាធារណៈ ជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ ខិតខំអនុវត្តតាមព្រះរាជក្រឹត្យសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ ខិតខំអនុវត្តតាមព្រះរាជក្រឹត្យសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាព និងប្រក្រតីភាពការងាររបស់មន្ត្រីរាជការ និងដើម្បីសម្រេចចក្ខុវិស័យលើការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ។

នេះជាប្រសាសន៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ដែលបានថ្លែងក្នុងកិច្ចប្រជុំណែនាំបន្ថែមអំពីខ្លឹមសារព្រះរាជក្រឹត្យ ស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ សរុបជិត ៣០០នាក់ ។

ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីធ្វើការណែនាំបន្ថែមទៅលើខ្លឹមសារនៃព្រះរាជក្រឹត្យ នស/រកត/០៩២៣/២១៣៧ ស្តីពី«គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ» ដើម្បីជាការពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ។ ការតែងតាំងទីប្រឹក្សា និងជំនួយការនៅតាមស្ថាប័ននីមួយៗសូមធ្វេីការយកចិត្តទុដាក់ និងគោរពតាមគោលការណ៍ លក្ខខណ្ឌ និងបែបបទឱ្យបានច្បាស់លាស់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ស្មារតីព្រះរាជក្រឹត្យនេះ បង្ហាញពីទស្សនវិស័យវែងឆ្ងាយពាក់ព័ន្ធការកែទម្រង់មួយ ដើម្បីធានានិរន្តរភាព និងប្រក្រតីភាពការងាររបស់មន្ត្រីរាជការក្នុងការបំពេញតួនាទីជាទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក ឯកឧត្តម យក់ ប៊ុនណា ក្នុងនាមក្រសួងមុខងារសាធារណៈ បានជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ ត្រូវខិតខំអនុវត្តតាមព្រះរាជក្រឹត្យខាងលើឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចចក្ខុវិស័យលើការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner