រុស្ស៊ី​ ផ្អាក​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​ ដើម្បី​ឆ្លើយតប​នឹង​ការខ្វះខាតក្នុងស្រុក​

មូស្គូ៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញាថា ប្រទេសរុស្ស៊ីបានធ្វើការផ្អាកជាបណ្តោះអាសន្ននូវការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់បណ្ដាប្រទេសទាំងអស់ក្រៅពីអតីតរដ្ឋចំណុះចំនួន ៤ កាលពីសម័យសហភាពសូវៀត។ ហើយវិធានការនេះផងដែរ គឺ​បានដាក់ចេញឱ្យអនុវត្តភ្លាមៗ ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុករបស់រុស្ស៊ី។

រុស្ស៊ីបានបញ្ជាក់ថា ការផ្អាកការនាំចេញនេះមិនអនុវត្តទៅលើបណ្ដាប្រទេសសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយម៉ូស្គូនោះទេ ក្នុងនោះរួមមានប្រទេសបេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន។

ទីក្រុងមូស្គូបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការរឹតបន្តឹងបណ្តោះអាសន្ននេះ នឹងជួយធ្វើឱ្យទីផ្សារប្រេងឥន្ធនៈមានលំនឹង ពោលគឺនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះស​ម្រាប់អ្នកប្រើប្រាស់»។ ក្រសួងថាមពលរបស់រុស្ស៊ីបានលើកឡើងថា វិធានការ​នេះ​មាន​គោលបំណង​បញ្ឈប់​ការ​នាំ​ចេញ​ប្រេងឥន្ធនៈដោយ​គ្មាន​ការ​អនុញ្ញាត។

ការផ្អាកការនាំចេញនេះគឺគ្មានពេលកំណត់ទេ ហើយការសម្រេចបែបណាទៀតនាពេលខាងមុខ គឺអាស្រ័យទៅលើភាពជាក់ស្ដែងនៃទីផ្សារប្រេង នេះបើយោងតាមអនុរដ្ឋមន្ត្រីថាមពលទីមួយរបស់រុស្ស៊ី លោក ផាវ៉េល សូរ៉ុគីន (Pavel Sorokin)។ លោកបាននិយាយថា «យើងរំពឹងថាវានឹងជះឥទ្ធិពលទៅលើទីផ្សារភ្លាមៗ ប៉ុន្តែលទ្ធផលចុងក្រោយគឺអាស្រ័យទៅលើថាតើតម្រូវការទីផ្សារគ្រប់គ្រាន់ហើយឬនៅ ហើយតើវានឹងផ្ដល់លទ្ធផលបែបណា»។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសរុស្ស៊ីបានជួបប្រទះនឹងការខ្វះខាតប្រេងសាំង និងម៉ាស៊ូត ដែលធ្វើឱ្យតម្លៃ​ប្រេង​លក់​រាយ​បាន​កើន​ឡើងគួរឱ្យកត់សម្គាល់ បើ​ទោះ​បី​ជា​តម្លៃ​លក់​រាយទាំងនោះ​ត្រូវ​បាន​កំណត់ពីរដ្ឋាភិបាល​ដើម្បី​ព្យាយាម​ធ្វើយ៉ាងណាឱ្យ​ស្របទៅ​តាមអត្រា​អតិផរណា​ជា​ផ្លូវ​ការក៏ដោយ។

ការកើនឡើងនៃតម្លៃប្រេងនេះ ​បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់​ខ្លះ​នៃប្រទេសរុស្ស៊ី ជាពិសេសតំបន់​ភាគ​ខាង​ត្បូងដែលជាតំបន់ផលិតស្រូវ ហើយប្រជាជនរុស្ស៊ីនៅទីនោះ ត្រូវកា​ប្រេងសម្រាប់យានយន្តដើម្បី​ប្រមូល​ផលស្រូវ។ វិបត្តិដ៏ធ្ងន់ធ្ងរមួយនេះ អាចជាឧបសគ្គសម្រាប់វិមានក្រឹមឡាំងដែលត្រូវដោះស្រាយ ដោយសារតែការបោះឆ្នោតប្រធានាធិបតីនឹងឈានមកដល់នៅខែមីនាខាងមុខនេះ។

ក្រុមពាណិជ្ជករបានអះអាងថា ទីផ្សារឥន្ធនៈត្រូវបានរងផលប៉ះពាល់ដោយកត្តាជាច្រើន ក្នុងនោះរួមមានបញ្ហាការថែទាំរោងចក្រចម្រាញ់ប្រេង ការស្ទះលើផ្លូវរថភ្លើង និងការធ្លាក់ចុះនៃតម្លៃប្រាក់រូបល (រូបិយប័ណ្ណរបស់រុស្ស៊ី) ដែលជាកត្តាជំរុញឱ្យមានការនាំចេញប្រេងឥន្ធនៈកាន់តែច្រើន។

ប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងតាមសមុទ្ររបស់ខ្លួនរហូតដល់ទៅជិត ៣០% មកនៅត្រឹមប្រហែល ១,៧ លានតោនក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាក្នុងខែសីហា នេះបើយោងតាមក្រុមពាណិជ្ជករ និងទិន្នន័យរបស់ក្រុមហ៊ុន LSEG ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលខាងលើបានបន្ថែមថា «ពីមុន ដើម្បីរក្សាស្ថិរភាពទីផ្សារឥន្ធនៈ រដ្ឋាភិបាលបានដំឡើងបរិមាណផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូត ទៅក្នុងការទិញលក់នៅលើទីផ្សារ។ ឥឡូវនេះ យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើតម្រូវការទិញប្រេងឥន្ធនៈរបស់កសិករ និងធ្វើការកែតម្រូវឱ្យបានឆាប់រហ័សទៅតាមតម្រូវការរបស់ពួកគេ»។ គួរដឹងដែរថា កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបាននាំចេញប្រេងសាំងចំនួន ៤,៨១៧ លានតោន និងប្រេងម៉ាស៊ូតជិត ៣៥ លានតោន៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters

Russia temporarily bans fuel exports to most countries in response to shortages

https://www.reuters.com/markets/commodities/russia-imposes-temporary-restrictions-fuel-exports-2023-09-21/

ads banner