កម្ពុជា- ឥណ្ឌា ត្រៀមសហប្រតិបត្តិការ ទ្វេភាគីលើវិស័យអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធ
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងអធិការកិច្ចនិងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលនៅប្រទេសឥណ្ឌា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាពដែលមានប្រវត្តិជាយូរលង់ជាង ៧១ឆ្នាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា នៅលើវិស័យជាច្រើនមានជាអាទិ៍ វិស័យអប់រំ វប្បធម៌ ទេសចរណ៍ សន្ដិសុខ ការពារជាតិ និងសាសនា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវវេជ្ជបណ្ឌិត ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ (H.E Dr. Devyani U. Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្ម ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ដើម្បីសម្រួចលើការងារអធិការកិច្ច ក្នុងគោលដៅឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ចល្អ និងកសាងសមត្ថភាពស្ថាប័ន សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។

លោកជំទាវវេជ្ជបណ្ឌិត ឯកអគ្គរដ្ឋទូត បានបញ្ជាក់ ពីឆន្ទៈដ៏មុតមាំក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនៅប្រទេសឥណ្ឌា តាមរយៈការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ។
ជាមួយគ្នានោះ លោកជំទាវឯកអគ្គរដ្ឋទូត បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ដើម្បីសិក្សា ដកស្រង់ និងផ្លាស់ប្ដូរបទពិសោធជាមួយនឹងស្ថាប័នដែលធ្វើការងារនៅក្នុងវិស័យអធិការកិច្ចនៅប្រទេសឥណ្ឌា ដោយ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលយកសំណើនេះ នឹងរៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនាពេលវេលាសមស្រប ៕


ដោយ ៖ ហេង សម្បត្តិ