ឥណ្ឌា ផ្អាកផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាក្រោមហេតុផលការពារសន្តិសុខជាតិ

ញូវដែលី៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាសម្រេច​ផ្អាក​ផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដា ដោយសារតែការ​គំរាមកំហែង​ផ្នែកសន្តិសុខ​ដល់បុគ្គលិក​នៅក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសកាណាដា។

ពាក់ព័ន្ធនឹងរឿងនេះលោក Arindam ប្រាប់​អ្នកយក​ព័ត៌មានថា៖ «ស្ថានភាពសន្តិសុខ​ដោយសារ​តែភាពអសកម្ម​របស់រដ្ឋាភិបាលកាណាដា បាន​បណ្តាលឱ្យមានការរំខានយ៉ាងខ្លាំង​ ដែលជំរុញឱ្យយើង​ត្រូវផ្អាកការសកម្មភាពស្នើសុំទិដ្ឋាការសិន»។

ជាការកត់សម្គាល់ មុននឹងឈានដល់ដំណាក់កាលផ្អាកការផ្ដល់ទិដ្ឋាការនេះ កាលពីថ្ងៃអង្គារកន្លងទៅ​ប្រទសឥណ្ឌា​ក៏ទើបតែបណ្ដេញអ្នកការទូត​កំពូលម្នាក់របស់កាណាដាចេញពីប្រទេសខ្លួនផងដែរ។

រីឯ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងនៅដើមសប្តាហ៍នេះ នៅពេលដែល​កាណាដា​នៅតែបន្តការចោទប្រកាន់ថា រដ្ឋាភិបាលឥណ្ឌាមានការពាក់ព័ន្ធទៅនឹងករណីសម្លាប់​មេ​សាសនាស៊ិក (Sikh) កាលពីខែមិថុនាកន្លងទៅ។ ការចោទប្រកាន់របស់កាណាដាទៅលើឥណ្ឌាបែបនេះ បានរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែ អាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។

គួររំឭកថា ជាញឹកញាប់ ឥណ្ឌាតែងត្អូញត្អែរទៅកាន់រដ្ឋាភិបាល​កាណាដា​អំពី​សកម្មភាព​ប្រឆាំងរបស់ ក្រុមអ្នកកាន់សាសនា ស៊ិក ដែលកំពុងរស់នៅប្រទេសកាណាដា ក៏ដូចជាទង្វើរបស់រដ្ឋាភិបាលកាណាដាដែលផ្ដល់សិទ្ធិសេរីភាពឱ្យក្រុមអ្នកកាន់សាសនាផ្ដាច់ខ្លួននេះ។

គួរបញ្ជាក់ថា ប្រទេសកាណាដាគឺជាជម្រករបស់សហគមន៍ដ៏ធំបំផុតមួយនៃ​ប្រជាជនដែលមានដើម​កំណើត​ឥណ្ឌា ដែលមានចំនួនប្រហែល ១,៤លាននាក់ ក្នុងចំណោមប្រជាជនកាណាដា​សរុបចំនួន ៤០លាននាក់ ។ក្នុងនោះ មនុស្សប្រហែល ៧៧០,០០០ ជាអ្នកកាន់សាសនា ស៊ិក។

ដោយឡែក ភាពល្អក់កករនៃប្រទេសទាំងពីរនេះអាចនឹងប៉ះពាល់ដល់ភាពជាដៃគូពាណិជ្ជកម្ម​ដោយហេតុថាឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីដប់របស់កាណាដា៕

ប្រែសម្រួល៖ កែវ បុស្បា ប្រភព៖ https://www.straitstimes.com/asia/india-suspends-visa-services-for-canadian-citizens-because-of-security-threats-india-foreign-ministry

ads banner