រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍រាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាព កិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍រាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាព កិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋតួកគី ។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ ដោយក្នុងនោះបន្ថែមលើវិស័យខាងលើ លោកជំទាវ មានបំណងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកជួយអភិវឌ្ឍលើវិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រយៈពេលជាង៦៤ឆ្នាំនៃប្រទេសកម្ពុជា-តួកគី។

ឯកឧត្តមបានកត់សម្គាល់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ត ឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជនផងដែរ។

ខណៈពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ កម្ពុជា-តួកគី ផ្តោតលើការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាង វិស័យឯកជននៃប្រទេសទាំងពីរ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះ រំលឹកជូនលោកជំទាវឯកអគ្គរដ្ឋទូត នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា៖ «សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជា ឱ្យឆ្ងាយជាងនេះ គឺកម្ពុជា ជាសមាជិកអាស៊ាន និងជាច្រកមួយ នៃកិច្ចសហប្រតិបត្តិការ និងទីផ្សារក្នុងប្រទេសសមាជិកអាស៊ានដ៏ទៃផ្សេងទៀត»។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះរាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាព កិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋាន ផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner