កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទ្វេភាគី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានឯកភាព និងធ្វើការប្តេជ្ញាថា នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយលោក ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាកាលរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣។

ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួប​នោះភាគីទាំងពីរបានផ្តោតខ្លាំងលើការឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង។
ឯកឧត្តម  ហេង សួរ  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើផ្នែកការងារដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលបច្ចុប្បន្នមានប្រមាណ១,២លាននាក់ផងដែរ»។

ទន្ទឹមគ្នានេះដែរ លោក ឆឺតកៀក អាត់ថាក័រ អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំនាញ និងពលរដ្ឋថៃដែលកំពុងធ្វើការនិងស្នាក់នៅកម្ពុជា។

បើតាមក្រសួងការងារ អគ្គរាជទូតថៃ ក៏បានឯកភាពជាមួយក្រសួងការងារថា៖« ទូតថៃ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ ដើម្បីរួមគ្នាផ្គត់ផ្គង់កម្លាំងជំនាញចូលទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់ថែមទៀត»។

ជុំ​វិញ​រឿងនេះ​លោក ​គង់ សំ​នៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា បានលើកឡើងថា នេះជារឿងល្អដែលក្រសួងនិងភាគីថៃ បានធ្វើការពង្រឹងលើការលើកកម្ពស់វិស័យការងារទ្វេភាគី ខណៈការឯកភាពគ្នានេះនៅពេលនេះ គឺជាការសម្រួចកម្លាំងប្រជាជនកម្ពុជា-ថៃឱ្យមានចំណេះជំនាញច្បាស់លាស់ ដើម្បីបំពេញតម្រូវការងារ។ លោកបន្តថា៖« បច្ចុប្បន្នបើយើងមើលប្រទេសថៃ ឃើញថាវិស័យឧស្សាហកម្ម និងវិស័យសំណង់របស់គេមានការរីកចំរើនខ្លាំង។អ៊ីចឹងភាគីទាំងពីរគួរតែផ្តោតលើជំនាញដែលគេកំពុងមានតម្រូវការខ្លាំង។ ប៉ុន្តែទន្ទឹមគ្នានេះ កម្ពុជាខ្លួនេងក៏គួរតែផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលមានតម្រូវការជាក់ស្តែងនៅកម្ពុជាផងដែរ ដូចជា វិស័យឧស្សាហកម្ម វិស័យសំណង់ វិស័យកសិកម្ម ដែលជាវិស័យស្នូលរបស់កម្ពុជា»។

បើតាមក្រសួងការងារ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទ្វេភាគីដែលមានស្រាប់នាពេលនេះ នឹងធ្វើឱ្យនិយោជកថៃ មានភាពងាយស្រួលជាងមុនក្នុងការទទួលពលករកម្ពុជាទៅធ្វើការ ហើយពលករកម្ពុជា ក៏អាចទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃដែលជាការរក្សាបានប្រយោជន៍ទាំងសងខាងថែមទៀត៕

ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner