ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ កឋិន និងពិធីគោរពព្រះវិញ្ញាគក្ខន្ធ ព្រះករុណា «ព្រះបរមរតកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១១ឆ្នាំ។

មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងពិធីបុណ្យជាតិសំខាន់ៗនៅកម្ពុជា ដែលបានបន្សល់ពីសម័យបុរាណកាលមក ជាការបង្ហាញពីវប្បធម៌សាសនា ដ៏ល្អផូរផងនៅកម្ពុជា ជារៀងដ៏រាបតរៀងមក។ ឯកឧត្តម ប្រធានអង្គប្រជុំលើកឡើងបន្តថា ពិធីបុណ្យជាតិ បុណ្យសាសនា នីមួយៗបានបង្កប់នូវអត្ថន័យ ជាទំនៀមទំលាប ប្រពៃណី ដ៏ល្អផូរផងនៃយើង ហេតុដូច្នេះ ក្នុងនាមក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធត្រូវធ្វើយ៉ាងណា រក្សានូវកេរ្ត៍មរតកនេះឱ្យបានល្អ ជាពិសេសក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ទាំងរដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយបង្ហាញនូវអ្វីដែលប្រជាពលរដ្ឋ ក្មេង ចាស់ប្រុស ស្រី ត្រូវធ្វើ នៅក្នុងរដូវបុណ្យទានចូលមកដល់ ទៅលើការប្រើប្រាស់សម្លៀកបំពាក់សមរម្យ ការត្រៀមទំនុកបំរុងម្ហូបអាហារ ទេយ្យទាន ទេយ្យវត្តុ ផ្សេងៗ ទៅចូលរួមនៅក្នុងកម្មវិធីសាសនានៅតាមទីអារាម មានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ជាដើម។

បន្ថែមលើនេះ ឯកឧត្តម ឈិន កេតនា ក៏បានលើកឡើងផងដែរ ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ទៅតាមព្រះរាជប្បវេណី តាមប្រពៃណីសានា និងតាមការសព្វព្រះរាជហឬទ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្កសារៈដ៏ខ្ពង់ខ្ពង់បំផុត ។ ក្នុងនោះដែរ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញចំនួន៦១ និងត្រូវអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ផងដែរ។
មុននិងបញ្ចប់ ឯកឧត្តម ប្រធាន បានសំណូមពរឱ្យសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ពេលត្រឡប់ទៅក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីវិញ រាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប នងអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។បុណ្យកឋិនទាន ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនិងថ្ងៃទី៣០ ខែកត្តិក ត្រូវនិងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner