កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និងមានអត្ថន័យជ្រាលជ្រៅ។ កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញរួមមួយ ក្នុងការលើកកម្ពស់និងបង្កើនកិច្ចសហប្រតិបតិ្តការរួមគ្នាដើម្បីដោះស្រាយបញ្ហាគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ។ ពិធីបិទកិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាធិការអាស៊ាន ប្រតិភូថ្នាក់ដឹកនាំនិងយុវជនទាំង១១សមាគមជាតិ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍និង ភ្ញៀវជាតិ អន្តរជាតិជាច្រើនទៀត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះវត្តមានដ៏ថ្លៃថ្លា និងការរួមចំណែកដ៏មានតម្លៃនៃអ្នកពាក់ព័ន្ធទំាងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធទំាងអស់ បង្ហាញពីស្មារតីមនុស្សធម៌ដ៏រឹងមាំ ការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើម ការច្នៃប្រឌិតថ្មី និងជាការកសាងពង្រឹងសមត្ថភាព ពិសេសសម្រាប់យុវជនក្នុងការដឹកនាំ ពង្រីកចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមថ្មីជាសកល ដូចជាការប្រែប្រួលអាកាសធាតុ បរិស្ថាន បច្ចេកវិទ្យានិងសុខភាពសាធារណៈជាដើម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បន្តថា សេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានាពេលនេះ ជាសក្ខីកម្មនៃការទទួលយកនូវបណ្តាការងារ ដែលមានដំណោះស្រាយថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមទំាងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបច្ចុប្បន្នកើតមានកាន់តែញឹកញយជាងមុននិងមានវិសាលភាពធំជាងមុន។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងវេទិកាយុវជនលើកទី៣ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នឹងប្រារព្ធធ្វើនៅឆ្នាំ២០២៤ ដោយកាកបាទក្រហមប្រទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ពលជ័យ

