គ្រួសារអាមេរិកមួយប្តឹង Google Maps ជុំវិញការស្លាប់សមាជិកម្នាក់ ក្រោយបើកបរតាមការផែនទីរបស់ក្រុមហ៊ុននេះ
អាមេរិក៖ គ្រួសាររបស់បុរសដែលបានលង់ទឹកស្លាប់ក្នុងឆ្នាំ២០២២បានប្តឹងក្រុមហ៊ុន ហ្គោហ្គល(Google) ពីបទធ្វេសប្រហែស បន្ទាប់ពីបុរសរូបនោះបើកឡានធ្លាក់ពីលើស្ពានបាក់មួយ ខណៈពេលដែលធ្វើដំណើរតាមទិសដៅណែនាំរបស់ Google Maps នៅរដ្ឋ North Carolina។
ក្រុមគ្រួសារបុរសរូបនេះបាននិយាយថា ការបរាជ័យរបស់ក្រុមហ៊ុនក្នុងការធ្វើបច្ចុប្បន្នភាពផែនទីរបស់ខ្លួនបានធ្វើឱ្យសមាជិកគ្រួសាររបស់ខ្លួនបាត់បង់ជីវិត។
ជនរងគ្រោះរូបនោះមានឈ្មោះថា Philip Paxson អាយុ ៤៧ឆ្នាំ ជាបុគ្គលិកផ្នែកលក់ឧបករណ៍វេជ្ជសាស្ត្រ។Philipបានជួបឧបទ្ទវហេតុនេះអំឡុងពេលធ្វើដំណើរទៅផ្ទះក្រោយចេញកម្មវិធីជប់លៀងខួបកំណើតទី ៩ របស់កូនស្រីនៅតំបន់ Hickory រដ្ឋ North Carolina នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។
បើយោងតាមពាក្យបណ្ដឹងដែលត្រូវបានដាក់នៅតុលាការជាន់ខ្ពស់របស់ Wake County កាលពីថ្ងៃអង្គារ
បានរៀបរាប់បន្ថែមថា Philip ធ្វើដំណើរពេលយប់ដែលមានភ្លៀងធ្លាក់ខ្លាំងលើផ្លូវ និងជាផ្លូវមិនធ្លាប់ស្គាល់ ក្រោយមកឡានរបស់លោកបានធ្លាក់ចូលទៅក្នុងព្រែក ហើយលង់ទឹកស្លាប់តែម្តង។
អ្នកស្រី Alicia Paxson ដែលជាភរិយារបស់លោក Philip បានប្តឹងអាជីវកម្មចំនួនពីរ និងបុគ្គលម្នាក់ ដោយពាក្យបណ្ដឹងនោះសំដៅទៅលើ ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រង ឬទទួលខុសត្រូវលើស្ពានដែលបាក់រលំ ដែលមិនមានស្លាកសញ្ញា គ្មានរបាំងការពារនោះ។
អ្នកស្រី Paxson បានរៀបរាប់ឱ្យដឹងថា ក្រោយគ្រោះថ្នាក់នេះ និងបន្ទាប់ពីស្វែងរកទូរសព្ទប្តីរបស់ខ្លួនឃើញ អ្នកស្រីដឹងថាច្បាស់ថា ស្វាមីរបស់ខ្លួនបានប្រើ Google Maps រកទិសដៅទៅផ្ទះ។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនាំពាក្យរបស់ Google លោក José Castañeda បាននិយាយនិងបង្ហាញពីការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រួសាររបស់អ្នកស្រី Paxson។ លើសពីនេះអ្នកនាំពាក្យរូបនេះបន្ថែមថាគោលដៅរបស់ខ្លួនគឺព្យាយាមផ្តល់ព័ត៌មានកំណត់ផ្លូវត្រឹមត្រូវក្នុងផែនទី ហើយក្រុមហ៊ុនក៏កំពុងពិនិត្យមើលពាក្យបណ្ដឹងនេះផងដែរ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ