អ្នកសារព័ត៌មានប្រាំរូបឈ្នះជ័យលាភីសរសេរអត្ថបទលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ
ភ្នំពេញ៖ បេក្ខជនជាអ្នកសាព័ត៌មានចំនួនប្រាំរូបដែលមកពីចម្រុះស្ថាប័ន បានទទួលជ័យលាភីពីកម្មវិធីប្រកួតសរសេរអត្ថបទព័ត៌មាន និងបទយកការណ៍ស្តីពីការបង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារដើម្បីលើកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយនៅកម្ពុជា ។កម្មវិធីប្រកាសជ័យលាភី និងប្រគល់រង្វាន់ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
កម្មវីធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) យូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360) អង្គការហេឡែន ខេលល័រ (Helen Keller Int’l) អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC) និងសម្ព័ន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN-CSA)។

នាឱកាសនោះ លោកស្រី ខឺស្ទ៊ី មីលេវ (Kirsty Milev) នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានឱ្យដឹងថា គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បីជះឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញកិច្ចការងារ ដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ។
លោកស្រីបន្តថា៖«សារៈសំខាន់នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះ ម្តាយ និងផ្តល់ព័ត៌មានលើការបង្កើតគោលនយោបាយនៅកម្ពុជា ជារឿងមិនអាចមើលរំលងបាន ហេតុនេះការផ្សព្វផ្សាយ ព័ត៌មាន និងមានការចូលរួមពីអ្នកសារព័ត៌មានស្តីពីការបំបៅកូនដោយទឹកដោះម្តាយ គឺជាការជួយលើកកម្ពស់ការយល់ដឹង និងតម្រូវការសម្រាប់ការបង្កើតគោលនយោបាយ និងកម្មវិធីដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ»។
ទន្ទឹមគ្នានេះ លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ក៏បានបង្ហាញមោទនភាព និងសាទរសមិទ្ធផលរបស់អ្នកសារព័ត៌មានដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ ខណៈលោស្រីថា អ្នកសារព័ត៌មានគឺជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។ បន្ថែមពីនេះលោកជំទាវថា ការបំបៅកូនដោយទឹកដោះម្តាយ គឺទាមទារការគាំទ្រពីសមាជិកគ្រួសារ កន្លែងការងារ និងមជ្ឈដ្ឋានជុំវិញ ពិសេសចំពោះស្រ្តីដែលត្រូវត្រលប់ទៅធ្វើការវិញ។

លោកជំទាវបន្តថា៖«ដូចនេះការគាំទ្រពីមជ្ឈដ្ឋានជុំវិញ ដូចជា គ្រួសារ និងកន្លែងធ្វើការគឺជារឿងសំខាន់ ហើយកន្លែងធ្វើការទៀតសោត ក៏គួរតែមានការរៀបចំទីកន្លែងសមរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តីក្នុងការបំបៅដោះកូន ដោយប្រាកដថាកូនៗរបស់ពួកគាត់មានសុខភាពល្អ និងជៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ»។
ចំណែកអ្នកសារព័ត៌មានដែលបានឈ្នះជ័យលាភីពីការប្រកួតនេះគឺ លោកស្រី អេង គឹមហុង អ្នកសារព័ត៌មានមកពីវិទ្យុបារាំងអន្តរជាតិ( RFI) បានលើកឡើងថា គោលបំណងនៃការដាក់អត្ថបទប្រកួតនេះ គឺមិនសំដៅលើតែជ័យលាភីនោះទេ ប៉ុន្តែគឺចង់ចូលរួមចំណែកផ្សព្វផ្សាយទាក់ទងនឹងចំណេះដឹងទៅដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។
លោកស្រីបន្តថា៖«តាមរយៈជ័យលាភីលើកនេះនឹងអាចចូលរួមចំណែកផ្សព្វផ្សាយបន្ថែមទៀតលើព័ត៌មានដែលទាក់ទងទៅនឹងការលើកកម្ពស់អាហារូបត្ថម្ភ ការលើកកម្ពស់ការយល់ដឹង និងតស៊ូមតិ សម្រាប់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ដែលមានអត្ថប្រយោជន៍ទាំងចំពោះម្តាយ និងកូន ពិសេសជំរុញឱ្យមានការគាំទ្រសម្រាប់ស្រ្តីដែលកំពុងបម្រើការងារជាដើម»។
គួរបញ្ជាក់ដែរថា អ្នកសារព័ត៌មានដែលជាប់ជ័យលាភីពានរង្វាន់ពីកម្មវិធីប្រកូតនេះ រួមមាន៖ លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN (លេខ១) លោកស្រី សែម ពិសី អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា CPA (លេខ២) លោកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ (លេខ៣) លោកស្រី ហៀង គន្ធា មកពីវិទ្យុជាតិ (លេខ៤) និងលោកស្រី អេង គឹមហុង អ្នកសារព័ត៌មានមកពីវិទ្យុបារាំងអន្តរជាតិ (លេខ៥)៕ ដោយ៖ បូរ ពេជ្រហ្សាលីន