សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កំពុងស្ថិតក្នុងក្រុងញូយ៉ក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០២៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។
សម្តេចធិបតី នឹងត្រូវឡើងថ្លែងសុន្ទរកថាវេលារសៀលថ្ងៃទី២២កញ្ញាលើវេទិកាពិភពលោក ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញាម៉ោងក្នុងប្រទេសកម្ពុជា។
ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។
ដំណើរអញ្ជើញដល់ក្រុងញូយ៉ករបស់សម្តេចធិបតីវេលាយប់ថ្ងៃទី២១កញ្ញា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។
ដំណើរបំពេញបេសកកម្មការងារ ក្នុងក្រុងញូយ៉ក នឹងមានរយៈពេល៥ថ្ងៃ រវាងពីថ្ងៃទី២១ ដល់២៥កញ្ញា ដោយសម្តេចធិបតីមានកម្មវិធីជួបជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជួបឥស្សរជនបរទេសមួយចំនួនផងទៀត។