ក្រុមជំនាញរកឃើញការឆ្លងអេដស៍ច្រើន នៅខេត្តតាកែវ និងខេត្តព្រះសីហនុ (Video Inside)
ខេត្តតាកែវ និងខេត្តព្រះសីហនុ គឺជាខេត្តដែលក្រុមអ្នកជំនាញបានបញ្ជាក់ ការរកឃើញអ្នកឆ្លងថ្មី នៃជម្ងឺអេដស៍ច្រើនជាងគេ។
លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានលើកនូវការរកឃើញឆ្លងថ្មីជាច្រើននេះ នៅក្នុងការធ្វើបទបង្ហាញមួយ នៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មានគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈលទ្ធផលបែងចែកទៅតាមអាយុ ភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។
លោកបានបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងក្រុមប្រឈម គឺមាន ៦ខេត្ត ក្នុងចំណោម២៥ខេត្ត និងរាជធានី។ ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន នៅក្នុងខេត្តទាំង២ គឺខេត្តតាកែវ និងខេត្តព្រះសីហនុ ត្រូវគេបញ្ជាក់ថា ដោយសារកត្តាផ្សេងៗ ដូចជាករណីគ្រឿងញៀន អត្រាអ្នកស្រលាញ់ភេទដូចគ្នា បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវាកំសាន្តសប្បាយជាដើម។
បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ដល់សមាជិកសមាជិកា បន្តសហការ និងសម្របសម្រួលការងារជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ក្នុងការជួយជំរុញការងារផ្សព្វផ្សាយដល់ប្រជាជនគោលដៅ, ត្រូវបន្តការអប់រំផ្សព្វផ្សាយការយល់ដឹង អំពីមេរោគអេដស៍ និងជំងឺអេដស៍ គ្រប់មធ្យោបាយដល់ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យ ដើម្បីបង្ការខ្លួនចៀសពីការឆ្លងមេរោគអេដស៍ និងលុបបំបាត់ការរើសអើង និងមាក់ងាយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕