ឯកឧត្តមបណ្ឌិត សួង ណយ បានជំរុញដល់ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញត្រូវជំរុញទីផ្សារផលិតផលខ្មែរតាមរយៈការលើកកម្ពស់ចលនាភូមិ១ផលិតផល១

(កំពត)៖ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន ជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋសូមជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួនទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។

ថ្លែងក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងសុ្រក និងសហគ្រាសធុនតូចនិងមធ្យម ស្ថានប័នមីក្រូហិរញ្ញវត្ថុ(ភូមិ១ផលិតផល១) ខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ភូមិ១ផលិតផល១ ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលផ្តុំជំរុញកសិករ ឬអ្នកផលិតឲ្យខិតខំផលិតឲ្យបានច្រើនប្រកបដោយគុណភាព មានអនាម័យ ចេះវេចខ្ចប់ និងស្វែងរកទីផ្សារ ដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក ឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ ការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ និងដើម្បីស្វែងយល់អំពីតម្រូវការផ្សេងៗរវាងអ្នកផលិត និងអ្នកទិញ ធ្វើយ៉ាងណាដើម្បីជំរុញទីផ្សារផលិតផលក្រុងស្រុកឲ្យប្រសើរ តាមយន្តការធ្វើការនាំចេញនៅនឹងកន្លែង។ ឯកឧត្តមបានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋសូមជួយគាំទ្រ ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួនទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។
ម្ចាស់សិប្បកម្មផលិតប្រេងដូងនៅស្រុកឈូក លោក ឆាយ ស៊ីនឿន យល់ឃើញថា វេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ពិតជាសំខាន់ និងមានភាពងាយស្រួលសម្រាប់កសិករ អ្នកផលិតស្វែងរកទីផ្សារលក់។
ម្ចាស់ផ្សារគ្រួសារធម្មជាតិ អ្នកស្រី សួន សិរីរ័ត្ន បានបង្ហាញការយល់ឃើញរបស់ខ្លួនថា កម្មវិធីនេះល្អ ធ្វើឲ្យអ្នកទិញបានដឹងនៅក្នុងខេត្តមានផលិតផលអ្វីខ្លះ ដែលខ្លួនអាចទិញយកទៅលក់បន្តបាន ។

លោក ពេញ ធារម្យ អភិបាលរងខេត្តកំពតបានឲ្យដឹងថា ផលិតផលរបស់ខេត្តដែលបានដាក់ស្នើសុំចុះបញ្ជីក្នុងចលនាភូមិមួយផលិតផលមួយ ចាប់ពីឆ្នាំ២០២០ ដល់២០២២ មានចំនួន៥១មុខ ក្នុងនោះមានផលិតកសិកម្ម ឧស្សាហកម្មសិប្បកម្ម ម្ហូបអាហារ ផលិតផលវត្ថុអនុស្សាវរីយ៍សីល្បៈ វត្ថុប្រើប្រាស់ និងវិស័យសេវាកម្មជាច្រើនទៀត៕
សិលា សារិន

ads banner