លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញទស្សនារូបសំណាកស្រ្តីសេរីភាព (Statue of Liberty)

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជេីញទៅទស្សនា រូបសំណាកស្រ្តីសេរីភាព (Statue of Liberty) ដែលជារូបសំណាកដ៏ល្បីលើពិភពលោក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក។

ក្នុងដំណើរទស្សនារូបសំណាកនេះ លោកជំទាវបណ្ឌិត ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីបម្រើការងារនៅទីនោះ និងបានធ្វេីបទបង្ហាញ យ៉ាងល្អិតល្អន់ពីប្រវត្តិសង្ខេបនៃរូបសំណាកស្ត្រីសេរីភាព។

រូបសំណាកស្ត្រីសេរីភឫព (The Statue of Liberty) គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤។ រូបសំណាក់ The Statue of Liberty នេះមានទីតាំងស្ថិតនៅលើកោះឡាយបឺរធី (Liberty) នៃទីក្រុងញូវយ៉ក ដោយយកគំរូតាមព្រះទេពីលីបឺរស្ដា (Libertas) ដែលជាអាទិទេពសេរីភាពក្នុងវប្បធម៌រ៉ូម៉ាំងបុរាណ។

រូបសំណាកនេះឈរនៅលើប៉មរាងចតុកោណមួយ ដែលមានខឿនកម្ពស់បីថ្នាក់តាមលំដាប់ ខណៈរូបសំណាកទាំងមូលមានកម្ពស់ ៤៦ ម៉ែត្រ ក្បាលជួតក្រណាត់ និងពាក់មកុដបញ្ចេញរស្មីប្រាំពីរពណ៌។ ដៃម្ខាងៗមានប្រវែង ១២.៨ ម៉ែត្រ ខណៈដៃស្ដាំកាន់គប់ភ្លើងលើកឡើងយ៉ាងខ្ពស់ ចំណែកដៃឆ្វេងកាន់សៀវភៅយ៉ាងធំមួយក្បាល ដោយនៅលើគម្របសៀវភៅនោះមានសរសេរឃ្លាថា «៤ កក្កដា ១៧៧៦» ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ពីអាណានិគម អង់គ្លេស។

ចំពោះការកសាង ដំបូងឡើយ គេបានតម្រៀបពុម្ពពីលើគ្នាចំនួន ២១៤ ផ្ទាំង។ ក្រោយមក គេក៏តម្រៀបវាដាក់ពីលើគ្នាកម្ពស់ដល់ទៅ ៩៣ ម៉ែត្រ (វាស់ពីផ្ទៃដីទៅដល់គប់ភ្លើង) រួចហើយ គេក៏ចាក់ស្រោបស្ពាន់ពណ៌បៃតងចំនួន ៣២ តោនទៅក្នុងពុម្ពទាំងនោះ។ រីឯគប់ភ្លើងខាងលើ គេប្រើអំពូលពណ៌បៃតង និងមានជណ្ដើរមូល ១៦២ កាំ សម្រាប់ឡើងទៅគយគន់ទស្សនីយភាព ទីក្រុងញូវយ៉ក និងឈូងសមុទ្រនៅជុំវិញនោះ។

វិស្វករជនជាតិបារាំងម្នាក់ឈ្មោះ ហ្វ្រេដេរិក អូហ្គុស បាស់សូលឌី (Frédéric Auguste Bartholdi) ជាអ្នកឆ្លាក់រចនារូបចម្លាក់ដ៏ល្បីល្បាញនេះឡើង ក្នុងនោះកម្មករប្រមាណ ១,០០០ នាក់ក៏បានចូលរួមសាងសង់សំណង់នេះដែរ។

វាជាមហាសំណាងមួយសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលការសាងសង់សំណង់ស្ថាបត្យកម្មដ៏ខ្ពស់ស្កឹមស្កៃនេះ មិនបានចំណាយជីវិតមនុស្សសូម្បីតែម្នាក់ ពោលក្នុងពេលសាងសង់រូបសំណាកសេរីភាពនេះ គឺមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់ស្លាប់នោះឡើយ ។

សូមបញ្ជាក់ថា ស្ថាបត្យកម្មដ៏ធំនេះត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ ៧០០,០០០ ដុល្លារអាមេរិក និងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner