សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី )៖ ដើម្បីដំណើរការរៀបចំគ្រប់គ្រងតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិប្រកបដោយការចូលរួម មានប្រសិទ្ធភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្ត នាយកដ្ឋានតំបន់បេតិភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន សហការគាំទ្រដោយអង្គការWCS អង្គការCIPO and World Hope បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ «សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរ ការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នាថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី ក្រោម អធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង សរុប ១២៧នាក់ ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីឱកាស បញ្ហាប្រឈម តម្រូវការ និងកំណត់សក្ដានុពល ការគ្រប់គ្រងតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ការចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

លោកជំទាវរដ្ឋលេខាធិការបានមានប្រសាស៍ថា៖រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ជ្រុងជ្រោយដែលឈរលើបាវចនាចំនួន៥គឺ៖ កំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះវិសយ័បរិស្ថានមានការពាក់ពន្ធ័ដោយផ្ទាល់ទៅនឹងបញ្ចកោណទី៤ មុំទី២ ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព និងមុំទី៥: ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង។

សម្រាប់ដំណាក់កាលទី១នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារជាអាទិភាពចំនួន៣ គឺ៖
ទី១).ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស់ស្ទិក»ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងសាលារៀន
ទី២).ការដាំស្តារដើមឈើគ្រប់ប្រភេទដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវផែនការដាំកូនឈើចំនួន ១លានដើម ជារៀងរាល់ឆ្នាំ។
ទី៣).ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការរៀបចំ និងអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងការផ្តល់នូវជម្រើសមុខរបរសមស្រប
ទៅនឹងស្ថានភាពរស់នៅរបស់សហគមន៍នីមួយៗ។
ដើម្បីសម្រេចបាននូវការងារអាទិភាពខាងលើនេះ ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីស្ថាបន័ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ និងវិស័យឯកជន។ ជាក់ស្តែងកម្មវិធីថ្ងៃនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរវាងអ្នកពាក់ពន្ធ័ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវចំពោះការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាផលប្រយោជន៍រួមរបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី។

នាពេលរសៀលលោកជំទាវរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ប្រជាសហគមន៍ និងសិស្សានុសិស្ស សរុបប្រមាណ១០០នាក់ បានចូលរួមដាំកូនឈើ ចំនួន៥១០ដើម(បេង, ត្រាច,ធ្នង់, ក្រញូង) នៅដែនជម្រកសត្វព្រៃកែវសីមា ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះដែរ លោកជំទាវ បានប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ចំនួន៥០មុង ដល់អាជ្ញាធរឃុំសែនមនោរម្យ ដើម្បីចាត់ចែងជូនប្រជាសហគមន៍។
ក្នុងពិធីដាំកូនឈើ លោកជំទាវ បានណែនាំសិស្សានុសិស្ស និងប្រជាសហគមន៍ ត្រូវស្រឡាញ់បរិស្ថាន ធម្មជាតិ និងរស់នៅស្អាត ត្រូវធ្វីអនាម័យក្នុងគ្រួសារ និងសហគមន៍ ដើម្បីសុខមាលភាពសហគមន៍៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner