ហ្វីលីពីនទទួលបានភ្ញៀវទេសចរបរទេសជាង ៣.៨លាននាក់ ចាប់តាំងពីខែមករាដើមឆ្នាំនេះ

ម៉ានីល៖ រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន លោកស្រី Christina Frasco បានថ្លែងថា ភ្ញៀវទេសចរបរទេសច្រើនជាង ៣.៨លាននាក់បានធ្វើដំណើរមកលេងកំសាន្តប្រទេសហ្វីលីពីន គិតចាប់តាំងពីខែមករា ឆ្នាំ២០២៣នេះ។

រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន លោកស្រី Christina Frasco បាននិយាយនៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មទេសចរណ៍ ដែលរៀបចំដោយរដ្ឋាភិបាលថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ហ្វីលីពីនទទួលបានភ្ញៀវអន្តរជាតិច្រើនជាង ៣.៨លាននាក់ ពោលគឺស្មើនឹង ៨០ភាគរយ នៃអ្នកធ្វើដំណើរបរទេសចំនួន ៤.៨លាននាក់ ដែលនាយកដ្ឋានទេសចរណ៍កំណត់គោលដៅឈានដល់គិតត្រឹមចុងឆ្នាំនេះ។

លោកស្រីថា ក្រៅពីគោលដៅស្រូបទាញទេសចរបរទេសចំនួន ៤.៨លាននាក់ ប្រទេសហ្វីលីពីនក៏មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកជាង ៨៥លាននាក់នៅឆ្នាំនេះផងដែរ។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ហ្វីលីពីនទទួលបានភ្ញៀវទេសចរបរទេសជាង ២.៦៥លាននាក់ក្នុងឆ្នាំ ២០២២ ទទួលបានប្រាក់ចំណូលចំនួន ៣.៨៤ពាន់លានដុល្លារ ស្មើនឹង ៦.២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីន។

ទន្ទឹមគ្នា ហ្វីលីពីនបាននឹងកំពុងធ្វើការកែលម្អបទពិសោធន៍ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង តាមរយៈការធ្វើទំនើបកម្មអាកាសយានដ្ឋាន, ការអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីៗ និងការបន្ធូរបន្ថយនីតិវិធីអន្តោប្រវេសន៍ជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner