សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ខណៈកម្ពុជា កំពុងពិនិត្យ កែសម្រួល នីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ម៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ និង បានអបអរសាទរចំពោះការជ្រើសតាំង សម្តេចធិបតី ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ វ៉ិចតូរីយ៉ នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។ កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ វ៉ិចតូរីយ៉ នូលែន បានគោរពជម្រាបជូន សម្ដេចធិបតី សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការ ឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួល នីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេចធិបតី ក៏បាន ស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថាបញ្ហាសុខភាព គឺជាអ្វី ដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់ សម្ដេចធិបតី។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុងយក ចិត្តទុកដាក់៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner