សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា៖ ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ថា ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង៧ភាគរយក្នុងមួយឆ្នាំ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។ ការបញ្ជាក់នេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុតនៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ, ៧២.៥ភាគរយ នៃសូចនាករ និងសូចនាកររង នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់ ប្ដូរពីឋានៈ ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧ ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជាសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់៕
ដោយ៖ពលជ័យ