សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការរីកចម្រើនជាលំដាប់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ចំនួន១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង៨.២លាននាក់ បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយ អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពភ្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។
ការបញ្ជាក់នេះ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។ ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តម អគ្គលេខាធិការ ចំពោះរដ្ឋសមាជិក ដើម្បីអនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលយើងខ្ញុំ ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលខ្ញុំទើបបាន ប្រកាស ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ៕
ដោយ៖ពលជ័យ