នាយករដ្ឋមន្ត្រីកម្ពុជា រំលេចពីយុទ្ធសាស្ត្របញ្ចកោណ ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍រំលេចពីយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកយកយុទ្ធសាស្ត្របញ្ចកោណ មករំលេចក្នុងមហាសន្និបាតនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហ ប្រជាជាតិ នាថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា កម្ពុជា មានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០ ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តម អគ្គលេខាធិការ ចំពោះរដ្ឋ សមាជិក ដើម្បីអនុវត្តន៍ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី, រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញា ចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលខ្ញុំទើបបានប្រកាសជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ។
សម្ដេចបន្តថា យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបជូនដែរថា គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ រួមមានម្យ៉ាងរក្សាចលនការនៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជោគជ័យនៃ យុទ្ធសាស្ដ្រ បញ្ចកោណ។
សម្ដេចធិបតីបានបន្ថែមថា កម្ពុជា នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរ ដោយ ប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ យើងនឹងការពារឲ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាព នយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យើងនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍ ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយឱ្យកម្ពុជា សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហរណកម្មនៅក្នុងតំបន់ និងពិភពលោក ៕
ដោយ ៖ វណ្ណលុក