កាកបាទក្រហមកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលទទួលបាននារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ និង វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពី – ថ្ងៃទី ១៧ ដល់ទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ បានសម្រេចចេញជាសេចក្ដី ថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងនោះសម្រេចបានការងារសំខាន់ៗដោយផ្អែកទៅតាមរបៀបវារៈដែលបាន រៀបចំឡើង ដោយឆ្លងកាត់ការប្រជុំក្នុងប្រទេសចំនួន៧លើក ប្រជុំតាមប្រព័ន្ធអនឡាញរវាងសមាគមជាតិ ទាំង១១ ចំនួន ២លើក និងប្រជុំតាមអនឡាញរបស់គណៈកម្មការរៀបចំ ដែលមាន កាកបាទក្រហមកម្ពុជា, អឌ្ឍចន្ទក្រហមព្រុយណេ (ម្ចាស់ផ្ទះឆ្នាំ២០២២)កាកបាទក្រហម ឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះឆ្នាំ២០២៤) និង សហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ, កាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំទាំងពីរថ្ងៃនេះ សម្រេចបានលទ្ធផលសំខាន់ៗចំនួន ១១ចំណុច ដោយថ្នាក់ដឹកនាំ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទាំង១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញរួចមក នៅល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំជាផ្លូវការ និងពិធីលៀងសាយភោជន៍ដើម្បី អបអរសាទរសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ។

បើតាមសេចក្តីសន្និដ្ឋាន ថ្នាក់ដឹកនាំនៃសហព័ន្ធអន្តរជាតិ, គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និង ថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះជុំទី៣ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់យកធ្វើជាបទពិសោធន៍ និងទុកជាការរៀនសូត្រពី កាកបាទក្រហមកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ និងវេទិកាយុវជនប្រចាំឆ្នាំ។

លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា ក៏ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌ តាមរយៈកត្តាចម្បងដូចជា ៖ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា មានភាពឈ្លាសវៃក្នុងការដឹកនាំ ដែលអាចប្រមូលកម្លាំងប្រជាពលរដ្ឋឱ្យចូលរួមធ្វើសកម្មភាពការងារ។ កាកបាទក្រហមកម្ពុជា មានរចនាសម្ព័ន្ធដ៏រឹងមាំចាប់តាំងពីថ្នាក់កណ្ដាល ថ្នាក់សាខា-អនុសាខា និងមានប្រព័ន្ធការងារច្បាស់លាស់។ ការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទៅតាមទិសវិមជ្ឈការ-វិសហមជ្ឈការ ដែលសាខា- អនុសាខា មានលទ្ធភាពអាចដោះស្រាយបានចំពោះគ្រោះមហន្តរាយតូចៗនៅតាមសហគមន៍ និងជាពិសេសការកសាងសហគមន៍ឱ្យមានភាពធន់រឹងមាំ ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និង មានសមត្ថភាពក្នុងការលើកកម្ពស់សុខភាពសាធារណៈ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើបច្ចុប្បន្នភាពនូវផែនការសកម្មភាពរបស់ខ្លួនទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដោយបន្ស៊ីទៅនឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner