ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាក ខេត្តតាកែវ ៨០០នាក់ ទៅទស្សនាខេត្តព្រះសីហនុប្រកបដោយក្តីរំភើប
ព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាកស្រុកព្រៃក្បាលខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនារីពេលមួយថ្ងៃនេះប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗដូចជារូបសំណាក់ព្រះថោងនិងនាងនាគខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រដ៏ឆ្ងាញ់ផងដែរ។
ជំទប់ទី១នៃឃុំពោធិ៍រំចាក លោក ប្រាក់ សម្បត្តិ បានឲ្យដឹងថាប្រជាពលរដ្ឋទាំងអស់សប្បាយចិត្តដោយបានឃើញការអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់ខេត្តព្រះសីហនុនិងបានឃើញសមិទ្ធផលជាច្រើនដូចជារូបសំណាក់នាងនាគ កន្លែងថតរូបខ្មែរធ្វើបាន និងការអភិវឌ្ឍក្នុងខេត្តដ៏សម្បើម រួមទាំងឆ្នេរសមុទ្រដ៏ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរដែលពលរដ្ឋពុំទាន់ធ្លាប់បានទៅទស្សនាខេត្តទេសចរណ៍មួយនេះទេ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក តាមរយ:ជំទប់ទី១ បានថ្លែងអំណរគុណទៅដល់ឯកឧត្តមហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពោធិ៍រំចាកដែលបានឧបត្ថម្ភសម្រាប់ដំណើរកំសាន្តដែលបានធ្វើឲ្យពលរដ្ឋក្នុងឃុំបានស្គាល់ទឹកដីខេត្តព្រះសីហនុ៕ ដោយ វណ្ណលុក