ក្រសួងការងារ បានចុះផ្សព្វផ្សាយពីឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ១២០០នាក់ដោយបានចែកខិត្តប័ណ្ណបានចំនួន៣០០សន្លឹកក្នុងនោះមានយុវជនចំនួន១០រូបបានដាក់ពាក្យ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថានឹងបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារដល់មូលដ្ឋានជាប្រចាំនៅទូទាំងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីឱកាសការងារដ៏សម្បូរបែបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានការងារធ្វើ និងឱកាសការងារថ្មីៗបន្ថែមទៀត។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បានផ្តល់ឱកាសការងារជូនពលរដ្ឋចំនួន ១,៤៧២នាក់៕ ដោយ វណ្ណលុក